កីឡាករជាង ៣០០នាក់ ចូលរួមប្រកួតទោចក្រយានជម្រើសជាតិឆ្នាំ២០២០ នៅខេត្ដសៀមរាប

ខេត្ដសៀមរាប៖ ក្រុមកីឡាករជាតិប្រមាណជាង៣០០នាក់ បានចូលរួមប្រកួតទោចក្រយាន ជម្រើសជើងឯកប្រចាំឆ្នាំ២០២០ ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ខាងមុខ។ ការប្រកួតកីឡានេះ ធ្វើឡើងនៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ដែលមានការចូលរួមពីរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ដសៀមរាប។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានអោយដឹងថា ការបង្កើតព្រឹត្ដិការណ៍ប្រកួតជិះកង់នេះ ដើម្បីជ្រើសរើសកីឡាករ កីឡាការនី អោយចូលរួមការប្រកួតស៊ីហ្គេមឆ្នាំ២០២១ និងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

លោកថា ការប្រកួតកីឡាថ្នាក់ជាតិនេះ មានពីរប្រភេទ រួមមានកង់គួក មានចំង៉ាយ៩០គីឡូកាត់តាមផ្លូវជាតិ និងកង់ភ្នំមានចំង៉ាយប្រវែង៤៣គីឡូម៉ែត្រកាត់ផ្លូវជាតិ និងចូលព្រៃខ្លះៗក្នុងតំបន់អង្គរ ។ ក្នុងការប្រកួតនេះ មានកីឡាករចូលរួមទាំង ៣១៩នាក់មាន ៧វិញ្ញាសារ ដោយចាប់ផ្ដើមចេញដំណើរពីកន្លែងសួនច្បារខាងមុខព្រះអង្គចេក ព្រះអង្គចម ហើយបញ្ចប់ទៅវិញនៅកន្លែងដដែល។ លោកថា ការប្រកួតនេះមានការរអាក់រអួលបន្ដិចព្រោះថា មានគម្រោងប្រកួតតាំងពីឆ្នាំ២០២០មកម្ល៉េះ ប៉ុន្ដែអាក់ខានវិញដោយសារបញ្ហាកូវីដ- ១៩។

ជាមួយគ្នានេះផ្លូវប្រកួតក៏មានការលំបាកដោយសារផ្លូវនោះ កំពុងស្ថិតក្នុងគម្រោងស្ថាបនា និងកែលំអរ។

លោក នូ ចំរើន បានបញ្ជាក់ថា ការប្រកួតកីឡាករទោចក្រយានថ្នាក់ជាតិនេះ ធ្វើឡើងជាច្រើនលើកមកហើយ ប៉ុន្ដែមិនសូវមានអ្នកចូលរួមដូចឆ្នាំ២០២១នេះទេ ដោយលោកថា មានអ្នកចុះឈ្មោះប្រកួតមានច្រើនគួរឲ្យកត់សំគាល់។ លោកបន្តថា ការប្រកួតពីឆ្នាំមុៗ មានការចូលរួមមានប្រមាណ ១៥០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំៗ៕ អត្ថបទ និងរូបភាព by AKP





