អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញលទ្ធផលការរឹតបន្ដឹងច្បាប់ចរាចរណ៍ ឆ្នាំ២០២០ ថយគ្រោះថ្នាក់ជិត ១០០០ករណី ខណៈអ្នកស្លាប់ថយ ៣៣៥នាក់
ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផល នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សម្រាប់ឆ្នាំ២០២០ ដែលរាជរដ្ឋាភិបាលបានកំណត់ឆ្នាំនេះ គឺឆ្នាំដែលត្រូវរឹតបន្ដឹងច្បាប់ចរាចរណ៍ ក្រោយតួលេខគ្រោះថ្នាក់ និងអ្នកស្លាប់មានការកើនឡើងគួរឲ្យព្រួយបារម្ភ។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានឲ្យដឹងថា រយៈពេលមួយឆ្នាំ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍របស់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក រួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដ៏ទៃទៀត គឺទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងនោះ ត្រួតពិនិត្យយានយន្ដសរុប ១លាន៧សែនគ្រឿង រួមមាន ម៉ូតូ ៦៥ភាគរយ រកឃើញយានយន្ដល្មើសចំនួន ៣៥៥ ៨៨៥គ្រឿង ស្មើនឹង២០ភាគរយ ដែលបទល្មើសភាគច្រើនមិនពាក់មួកសុវត្ថិភាព។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានបន្ថែមថា សម្រាប់រថយន្ដដែលល្មើសភាគច្រើន លើសល្បឿនកំណត់ មានរហូតដល់៦០ភាគរយ ក្នុងចំណោមរថយន្ដល្មើសទាំងអស់។ នាយឧត្តមសេនីយ៍ បញ្ជាក់ថា ទាំងអស់នេះជាបញ្ហាប្រឈមដែលត្រូវបន្ដពិនិត្យឡើងវិញ ដើម្បីធ្វើយ៉ាងណារឹតបន្ដឹងលើករណីនេះ។
ជាមួយនឹងភាពជោគជ័យ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍នេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានអះអាងថា គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២០ កើតឡើងចំនួន ៣ ១៧៩ករណី ធៀបនឹងឆ្នាំ២០១៩កើតឡើង ចំនួន ៤ ១២១ករណី ថយចុះចំនួន ៩៤២ករណី។ ដោយឡែក អ្នកស្លាប់ដោយសារគ្រោះថ្នាក់ នៅឆ្នាំ២០២០ ចំនួន ១ ៦៤៦នាក់ ធៀបនឹងឆ្នាំ២០១៩ ចំនួន ១ ៩៨១នាក់ ថយចុះចំនួន ៣៣៥នាក់។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ បណ្ដាលមកពីល្បឿន ៣៣ភាគរយ មិនគោរពសិទ្ធិ ២៤ភាគរយ មិនប្រកាន់ស្ដាំ ១៥ភាគរយ ប្រជែងគ្រោះថ្នាក់ ១០ភាគរយ បត់ឆ្វេង ស្ដាំ មិនប្រយ័ត្ន ៩ភាគរយ ស្រវឹង ៥ភាគរយ កត្តាយាន ៣ភាគរយ និងងងុយ ១ភាគរយ៕