លោក តាន់ ម៉េងឆាង ចុះសម្របសម្រួលការធ្វើកិច្ចសន្យាប្រគល់ថវិកាដើម្បីសងម្ចាស់ក្របី១១ក្បាលដែលឈឺ និងស្លាប់ ដោយសារចាក់ថ្នាំការពារនៅឃុំចំណាក្រោម ស្រុកស្ទោង
ខេត្តកំពង់ធំ៖ កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ លោក តាន់ ម៉េងឆាង ប្រធានផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ និងលោកមេឃុំ មេភូមិបានចូលរួមជាសាក្សី សម្របសម្រួល ការធ្វើកិច្ចសន្យាប្រគល់ថវិកាចំនួន(៦លានរៀល)ដើម្បសងម្ចាស់ក្របី ១១ក្បាល ដែលឈឺនិងស្លាប់ បានកើតឡើងកាលពីថ្ងៃទី២២-២៣-២៤ ខែតុលា ឆ្នាំ២០២០។
សូមបញ្ជាក់ថា នៅថ្ងៃកើតហេតុ ឈ្មោះ ចយ ចាយ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០៨/០៣/១៩៩២ រស់នៅភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានទៅទិញថ្នាំវ៉ាក់សាំងការពារជំងឺសត្វគោ ក្របីចំនួន ២ដប ពីឈ្មោះ ថង វណ្ណសាធ ភេទប្រុស មុខរបរជាអាជីវករលក់ថ្នាំសត្វនិងចំណីសត្វ ក្រោយមក ឈ្មោះ ចយ ចាយ បានយកថ្នាំនោះមកចាក់លើក្របី ៣ថ្ងៃក្រោយ បានធ្វើឱ្យមានសត្វក្របីឈឺ និងស្លាប់ចំនួន ១១ក្បាលតែម្តង។
បន្ទាប់ពីមានការសម្របសម្រួល ពីជំនាញនិងអាជ្ញាធរ ភាគីទាំងពីរ គឺលោក ថង វណ្ណសាធ មុខរបរជាអាជីវករលក់ថ្នាំសត្វនិងចំណីសត្វរស់ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោងនិងម្ចាស់ក្របីដែលឈឺនិងស្លាប់រស់នៅភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង បានព្រមព្រៀងគ្នា ដើម្បីទទួលយកថវិកា ដែលជាសំណង ចំនួន ៦លានរៀល លើសត្វក្របី ដែលបានស្លាប់និងឈឺចំនួន ១១ក្បាលនោះ។
គួរបញ្ជាក់ផងដែរថា ដើម្បីជាសក្ខីភាព ម្ចាស់ក្របីដែលឈឺនិងស្លាប់ទាំងអស់គ្នាបានផ្តិតមេដៃ ទុកជាចំណាំចំពោះមុខអាជ្ញាធរឃុំ/ភូមិ និងមន្ត្រីជំនាញ ដោយមិនមានបន្តការចោទប្រកាន់ រឺប្តឹងក្នុងករណីនេះតទៀតឡើយ៕