គម្រោងសិក្សាស្រាវជ្រាវឡដុតកុលាលភាជន៍គោគដីឆ្នាំងដំណាក់កាលទី២ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

កាលពីថ្ងៃច័ន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយសាកលវិទ្យាល័យ Waseda នៃប្រទេសជប៉ុន ធ្វើការសិក្សាស្រាវជ្រាវបន្ថែមលើស្ថានីយ៍ឡបុរាណគោគដីឆ្នាំងក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

ក្នុងកិច្ចសហប្រតិបត្តិការលើការងារស្រាវជ្រាវនេះ មានមន្រ្តីបច្ចេកទេសបុរាណវិទ្យាពីររូបនៃនាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យា គឺលោក ភិន សំណាង និងលោក ភិន ភក្តី ដឹកនាំការធ្វើកំណាយបុរាណវិទ្យា ដោយសហការណ៍ជាមួយអ្នកជំនាញផ្នែកស្រាវជ្រាវលើកុលាលភាជន៍ខ្មែរ និងចិន Dr. Yukitsugu Tabata អញ្ជើញមកពីសាកលវិទ្យាល័យ Waseda University។ សូមរំឭកថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមមន្ត្រីជំនាញនៃអាជ្ញាធរជាតិព្រះវិហារបានធ្វើកំណាយលើកទី១ម្តងរួចមកហើយ តែពុំទាន់រកឃើញនូវរចនាសម្ព័ន្ធនៃសំណង់ឡដុតកុលាលភាជន៍បុរាណ ដោយរកឃើញតែសម្ភារៈខូចខាតនៃឡដែលគេបានបោះចោល មានដូចជាបំណែកជញ្ជាំងឡ បំណែកកំណល់ទ្រដុតក្បឿង និងក្បឿង រួមទាំងបំណែកភាជន៍ជាច្រើនសន្ធឹកសន្ធាប់ទៀត។

ក្នុងគម្រោងសហប្រតិបត្តិការស្រាវជ្រាវលើកទី២នេះ ក្រុមការងារមានបំណងធ្វើកំណាយដើម្បីស្វែងរកឲ្យឃើញនូវស្នាកស្នាមនៃរចនាសម្ព័ន្ធសំណង់ឡបុរាណចងក្រងទុកជាឯកសារ។
គម្រោងសហប្រតិការសិក្សាស្រាវជ្រាវលើឡបុរាណនេះមានរយៈពេលពីរសប្តាហ៍គិតចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមជំនួយថវិការពី Waseda University និង Japan Government Fund៕
