ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តអញ្ជើញ​​ជាអធិបតីក្នុងកិច្ចប្រជុំ​ផុ្សព្វផ្សាយ​​សារាចរណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញ​វត្ថុឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បាន​អញ្ជើញ​​ជាអធិបតីក្នុងកិច្ចប្រជុំផុ្សព្វផ្សាយសារាចរណ៍លេខ០១៥ សហវ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញ​វត្ថុ​សម្រាប់ការ​គ្រប់គ្រងឆ្នាំ២០២១ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មាន ឯកឧត្តមអភិបាលរងខេត្ត លោកអនុប្រធាននាយកដ្ឋាន​ហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក​ប្រធាន​​មន្ទីរសុខាភិបាលខេត្ត លោកប្រធានរតនាគាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុ​សាលា​ខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុក លោកប្រធានគណនេយ្យមន្ទីរ​សុខាភិបាលខេត្ត លោក លោកស្រី ប្រធានគណនេយ្យ ក្រុង-ស្រុក លោក លោកស្រី ស្មៀនឃុំ សង្កាត់ជាច្រើនរូប។

មានប្រសាសន៍ក្នងឪកាសនោះឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន​ឯកឧត្ដម អស់លោក លោកស្រី និងអង្គភាពពាក់ព័ន្ធទាំងអស់បានចូលរួម​ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ ដែលសបញ្ជាក់ឱ្យឃើញពីការអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុនៅ​ថ្នាក់​ក្រោមជាតិរបស់យើងឲ្យបានកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដែលជាផ្នែកមួយ​ដ៏សំខាន់ នៃការអនុវត្តផែនការសកម្មភាពការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់​រាជ​រដ្ឋាភិបាល ជាពិសេសក្នុងបរិបទ នៃជំងឺកូវីដ-១៩ ដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវមាន​ភាព​ហ្មត់ចត់ ក្នុងការចាត់ចែងចំណាយផ្សេងៗ ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងប្រកប​ដោយ​សនិទានភាព ។

ទន្ទឹមនេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់​ក្រោម​ជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានលោកអនុប្រធាននាយកដ្ឋានគ្រប់គ្រង​ហិរញ្ញវត្ថុ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ និងសហការី ដែលបានជួយសម្របសម្រួល និងសហការ​យ៉ាងជិតស្និទ្ធជាមួយសាលាខេត្តស្វាយរៀង និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ក្នុងការរៀប​ចំ​នូវកិច្ចប្រជុំ នេះឡើង ក្នុងគោលបំណងពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ដល់ថ្នាក់​ដឹកនាំ មន្ត្រីអង្គភាពថវិកា នៃមន្ទីរជំនាញនៅមូលដ្ឋាន ក្នុងកិច្ចអនុវត្តគម្រោងសកម្មភាព​ចំណូល​ចំណាយថវិកាប្រចាំឆ្នាំរបស់ខ្លួន ប្រកបដោយបុរេសកម្ម និងដើម្បីសមិទ្ធកម្មការងារ​ឲ្យកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានគុណភាពល្អប្រសើរ ។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត ស្នើដល់ប្រធានមន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធ ត្រូវជំរុញ​អនុវត្តឲ្យបានជោគជ័យនូវបណ្តាផែនការសកម្មភាព និងវិធានការកែលម្អការគ្រប់គ្រងថវិកា និងបន្តដាក់ចេញនូវផែនការសកម្មភាព និងវិធានការថ្មីៗទៀត ក្នុងក្របខ័ណ្ឌ នៃកម្មវិធីកែ​ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨​-​២០២៥ ។ លើសពីនេះ មន្ទីរជំនាញដែលមានបទពិសោធន៍ក្នុងការរៀបចំ ក៏ដូចជា​ក្នុងការអនុវត្តថវិកាកម្មវិធីរួចហើយ ត្រូវតែផ្លាស់ប្តូរឥរិយាបទ និងផ្នត់គំនិតក្នុងការរៀបចំថវិកា កែលម្អរចនាសម្ព័ន្ធកម្មវិធី និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ និង​ស៊ី​សង្វាក់គ្នា ដើម្បីសម្រួលការអនុវត្តឲ្យកាន់តែរលូន ហើយឈានទៅសម្រេចបានលទ្ធផល​ល្អ​ប្រសើរ និងមានការទទួលខុសត្រូវកាន់តែច្បាស់លាស់ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង