ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររាជរដ្ឋាភិបាលចុះជួយតាមរាជធានី-ខេត្ត

ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអជ្ញាធរមូលដ្ឋាន ដែលត្រូវបានរាជរដ្ឋាភិបាលចាត់តាំងចុះជួយតាមរាជធានី-ខេត្ត បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ និងបានជម្រាបជូនដល់ប្រជាពលរដ្ឋឲ្យបានយល់ជ្រួតជ្រាបអំពីដំណោះស្រាយ និងវិធានការនានាពាក់ព័ន្ធទៅនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងផ្សព្វផ្សាយពីសមិទ្ធផល និងវឌ្ឍនភាពជាច្រេីនដែលរាជរដ្ឋាភិបាលសម្រេចបាន។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ដែលបានយកចិត្តទុកដាក់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានផ្តល់អនុសាសន៍មួយចំនួនបន្ថែមទៀត ធ្វើយ៉ាងណាអនុវត្តឲ្យបានជោគជ័យទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនថ្កុំថ្កើនដល់សង្គមជាតិទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចុះជួយតាមរាជធានី-ខេត្ត បន្តយកចិត្តទុកដាក់ជម្រុញបន្ថែមដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យជួយផ្សព្វផ្សាយដល់ពលរដ្ឋនៅក្នុងមូលដ្ឋាន បន្តយកចិត្តទុកដាក់អនុវត្តតាមវិធានការណ៍ការពារការឆ្លងជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ។

ការថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដែលឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររាជរដ្ឋាភិបាលចុះជួយតាមរាជធានី-ខេត្ត៕



