សិក្ខាសាលាបណ្ដុះបណ្ដាលមន្ត្រីអនុវត្តច្បាប់ ស្ដីពីការអង្គេតនិងត្រួតពិនិត្យសារធាតុបំផ្លាញស្រទាប់អូហ្សូន

ភ្នំពេញ៖ នាថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជា ស៊ីណា អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានចូលរួមជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលសម្រាប់មន្ត្រីអនុវត្តច្បាប់ ស្ដីពីការអង្គេត និងត្រួតពិនិត្យសារធាតុបំផ្លាញស្រទាប់អូហ្សូន។
ពិធីបិទសិក្ខាសាលានេះបានប្រព្រឹត្តទៅដោយមានការចូលរួមជាអធិបតីលោក ឈន វឿន ប្រធាននាយកដ្ឋានបច្ចេកវិទ្យា តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោក ពេជ ច័ន្ទ អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបកាក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម លោក ប៉ាក សុខារ៉ាវុត អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន។ ជាលទ្ធផលនៃសិក្ខាសាលារយៈពេលពីរថ្ងៃនេះគឺសិក្ខាកាមទាំងអស់បានទទួលបាននូវបទពិសោធន៍ល្អៗពីវាគ្មិន និងគ្រូឧទ្ទេសនាម អំពីនីតិវិធីក្នុងការកំណត់អត្តសញ្ញាណសារធាតុបំផ្លាញស្រទាប់អូហ្សូន និងវិធីក្នុងការទប់ស្កាត់ការធ្វើចរាចរណ៍សារធាតុបំផ្លាញស្រទាប់ដោយខុសច្បាប់។ សិក្ខាកាមបានសំណូមពរឱ្យក្រសួងបរិស្ថានរៀបចំវគ្គបណ្តុះបណ្តាលជាបន្តទៀត ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីនៃស្ថាប័នពាក់ព័ន្ធក្នុងចូលរួមទប់ស្កាត់និងកាត់បន្ថយការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូននៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សិក្ខាកាមចូលរួមក្នុងវគ្គនេះមានចំនួន៣៥នាក់ មកពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម មន្រ្តីនគរបាល​នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ និងមន្រ្តីនៃអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕
អត្ថបទដែលជាប់ទាក់ទង