កម្ពុជាបានរកឃើញជ័យលាភី ក្នុងការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០

ក្នុងរយៈពេលថ្មីៗ ចុងក្រោយនេះ យុវជនកម្ពុជាបានយកចិត្តទុកដាក់ និងបានចូលរួមយ៉ាងសស្រាក់ស្រាំ ក្នុងសកម្មភាព និងព្រឹត្តិការណ៍កីឡានានា ជាក់ស្តែងឆ្នាំនេះ កីឡាប៊ូល និងប៉េតង់របស់កម្ពុជាបានកត់ត្រានូវកំណត់ត្រាថ្មី ដោយទទួលបានការចូលរួមប្រកួតច្រើនបំផុតដែលមិនធ្លាប់មាន ទូទាំងប្រទេសរហូតដល់ ៥៩ក្លឹប/សមាគម នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញជ័យលាភី ក្នុងការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០។

ជាមួយការវិវឌ្ឍជាបន្តបន្ទាប់ និងស្មារតីនៃមោទនភាពជឿថាខ្មែរធ្វើបាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍បន្ថែមក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ថា “កម្ពុជាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងបរិបទសេដ្ឋកិច្ច និងសង្គម។ លើសពីនេះទៅទៀតនោះ កម្ពុជារឹតតែមានសមត្ថភាពបន្ថែម និងបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនទូទាំងប្រទេស ហើយកំពុងបន្តចរចាក្នុងការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ សម្រាប់កម្ពុជា។ អ្វីដែលសំខាន់ និងភាពជោគជ័យដែលយើងទទួលបានទាំងនេះ គឺស្តែងចេញពីការចូលរួមរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ៗរូប។”

គួររលឹកផងដែរថា ពាក់ព័ន្ធជាមួយកីឡាប៊ូល និងប៉េតង់នេះ កន្លងមកកម្ពុជាទទួលបានមេដាយអន្តរជាតិសរុប ចំនួន ៣០៦ ក្នុងនោះមានមេដាយមាស ៨៨គ្រឿង ប្រាក់ ១០៨គ្រឿង និង ១១០សំរឹទ្ធ គ្រឿង។

កម្ពុជាបានរៀបចំព្រឹត្តិការណ៍ជើងឯកប៉េតង់ពិភពលោកយុវជន និងស្រ្តីលើកទី១៧ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមាន ៤៩ប្រទេសចូលរួម ក្នុងនោះមានក្រុមស្រ្តី ៥០ក្រុម និងក្រុមយុវជន ៣០ក្រុម មានអត្តពលិកសរុប ៥២៨នាក់ ហើយកម្ពុជាឈ្នះមេដាយ២គ្រឿង មាស១ សំរឹទ្ធ១ ហើយកម្ពុជាត្រូវបានការកត់សម្គាល់ថា ការរៀបចំព្រឹតិ្តការណ៍អន្តរជាតិនេះប្រកបដោយបដិសណ្ឋារកិច្ចល្អ ដែលមិនធ្លាប់មានក្នុងរយៈពេល ៥០ឆ្នាំកន្លងមក៕ អរគុណសន្តិភាព










