អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអនុសាខាកាកបាទក្រហមស្រុក ខិតខំស្វែងរកអំណោយពីសប្បុរសជននានា ដើម្បីត្រៀមបម្រុងទុកសម្រាប់ជួយប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងគ្រោះថ្នាក់ផ្សេងៗ

ខេត្តកំពង់ធំ៖ ថ្លែងនៅក្នុងពិធីពិធីសម្ពោធអគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ថ្លែងថា ប្រធានអនុសាខាកាកបាទក្រហមស្រុក ត្រូវមានភាពម្ចាស់ការលើខ្លួនឯងនូវការស្វែងរកអំណោយពីសប្បុរសជននានា ដើម្បីត្រៀមបម្រុងទុកសម្រាប់ជួយប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងទទួលរងគ្រោះដោយសារធម្មជាតិនានា ឲ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់អាហារដោយយើងមិនបានដឹងនោះទេ។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ អំពាវនាវឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ បន្ថែមនូវការអប់រំ និងផ្សព្វផ្សាយ អំពីបញ្ហាសំរាម ដល់ប្រជាពលរដ្ឋ សិស្សានុសិស្សតាម មធ្យោបាយ ណាមួយ ដើម្បីចូលរួមសម្អាតបរិស្ថាន ការរក្សាអនាម័យនៅបរិវេណជុំវិញផ្ទះ ក៏ដូចជានៅកន្លែងសាធារណៈ អោយបានស្អាត ជាពិសេស ការ បន្ទូបង់ ត្រូវរក កន្លែងគួរសម (បន្ទប់ទឹក) មិនមិនត្រូវបន្ទូបង់គ្រប់ទីកន្លែងទេ ដោយផ្តេីម ការភ្ញាក់រលឹកពីខ្លួនយេីង សូមចូមរួមអនុវត្តទាំងអស់គ្នា។

លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្តកំពង់ធំ សូមអំពាវនាដល់ក្មួយៗបងប្អូនទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា រាល់ការបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ បេីកបររថយន្តត្រូវពាក់ខ្សែក្រវាត់ សូមចូលរួមគោរពចរាចរណ៍ទាំងអស់គ្នា។
ម្យ៉ាងវិញទៀត សូមក្មួយៗជៀសអោយឆ្ងាយពីគ្រឿងញៀន កុំស្តាប់ពីជនណាម្នាក់ថាថ្នាំនេះជួយអោយស្អាត រៀនពូកែ សូមកុំជឿអោយសោះ ហេីយក៏មិនត្រូវសាកល្បងដែរ និងរស់នៅតាមបែបកន្លងថ្មី ដោយរក្សាគម្លាតសុវត្ថិភាព មិនត្រូវមានការជួបជុំ ដើម្បីជៀសវាងនូវការឆ្លងជំងឺកូវីដ ១៩៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ






