រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលបច្ចេកទេសពិនិត្យ និងផ្តល់យោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្ត

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃពុធ ទី០៣ ខែកុម្ភ: ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលបច្ចេកទេសពិនិត្យ និងផ្តល់យោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព ក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលបច្ចេកទេសដោយគូសបញ្ជាក់ថា យើងធ្វើការពិនិត្យ និងផ្តល់យោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលក្រុមការងារបានខិតខំយកចិត្តទុកដាក់រៀបចំឯកសារបង្ហាញ និងស្នើសុំក្រុមប្រឹក្សាខេត្តសម្រេច ដើម្បីអនុវត្តតាមគម្រោងផែនការនិងសកម្មភាព ។

យើងបានខិតខំពន្លឿនតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ។ សម្រាប់ឆ្នាំ២០២១ យើងបានធ្វើការឯកភាព ពិនិត្យកម្មវិធីវិនិយោគ និងពិនិត្យសកម្មភាព កម្មវិធីវិនិយោគសម្រាប់ឆ្នាំ ២០២២ខាងមុខ ត្រូវរៀបចំផែនការសកម្មភាពឱ្យរួចរាល់នៅខែកញ្ញា ឆ្នាំ២០២១ សម្រាប់សុំគោលការណ៍តាមនីតិវិធីឱ្យបានត្រឹមត្រូវ ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា យើងត្រូវរួមគ្នាខិតខំបន្តទៀត ដោយសារតែស្ថានភាពខេត្តព្រះសីហនុមានភ្លៀងធ្លាក់ច្រើនមិនដូចខេត្តដ៍ទៃ ទាមទារឱ្យយើងរៀបចំផែនការសកម្មភាពការងារឱ្យបានមុន ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ ឱ្យយើងចេះលើកគម្រោង ធ្វើផែនការសកម្មភាពវិនិយោគនៅតាមមូលដ្ឋាន ស្របតាមស្ថានភាពភូមិសាស្ត្រ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងឱ្យទទួលបានលទ្ធផលល្អ និងភាពងាយស្រួលក្នុងការអនុវត្តគម្រោង ។

ដូច្នេះឆ្នាំ២០២២ ខាងមុខយើងត្រូវអនុវត្តគម្រោងឱ្យបានមុនឆ្នាំ ដើម្បីឈានទៅអនុវត្តគម្រោងឆ្នាំ២០២៣ បន្តទៀត ឯកឧត្តម គួច ចំរើន សង្ឃឹមថា នៅឆ្នាំ២០២២ខាងមុខ យើងនឹងរៀបចំផែនការអនុវត្តគម្រោងវិនិយោគបានលឿនជាងឆ្នាំ២០២១ ដើម្បីឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងដោះស្រាយផលប៉ះពាល់បានទាន់ពេលវេលា ៕






