សម័យតេជោសន្តិភាព យើងត្រូវផ្លាស់ប្ដូរផ្នត់គំនិតនិងឥរិយាបថក្នុងការរស់នៅ និងមាន​ពេលវេលាគ្រប់គ្រាន់ដើម្បីគិតគូរពីសុខភាព អនាម័យបរិស្ថាន

«សម័យតេជោសន្តិភាព យើងត្រូវផ្លាស់ប្ដូរផ្នត់គំនិតនិងឥរិយាបថក្នុងការរស់នៅ ព្រោះយើងរស់នៅក្នុងសុខសន្តិភាព និងមានពេលវេលាគ្រប់គ្រាន់ដើម្បីគិតគូរពីសុខភាព អនាម័យបរិស្ថាន និងធ្វើយ៉ាងណាឱ្យសង្គមកម្ពុជាយើងមានបរិស្ថានស្អាត និងពលរដ្ឋ មានផាសុកភាព»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន​នៅក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពីការផ្តល់បច្ចេកទេស​ក្នុងការអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិកាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាខេត្តព្រៃវែង។

ឯកឧត្តមរដ្ឋមន្រ្តីបានគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះសម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានគាំ​ទ្រសិក្ខា​សាលា​ដ៏មានសារៈសំខាន់ និងជាពិសេសបានឯកភាពបញ្ចូលលក្ខណៈសម្បត្តិ «មានអនាម័យ សោភ័ណ្ឌភាពនិងបរិស្ថានល្អ» ចូលទៅក្នុងគោលនយោបាយភូមិឃុំ​សង្កាត់មាន​សុវត្ថិភាព​ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធរួមនឹងប្រជាពលរដ្ឋរួមគ្នាសម្អា​ត​អនាម័យបរិស្ថាន រស់នៅស្អាត និងហូបស្អាតដើម្បីផាសុកភាពក្នុងការរស់នៅនិងទប់ស្កាត់​ជំងឺនានាជាពិសេសចូលរួមអនុវត្តវិធានការអនាម័យដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។

សូមបញ្ជាក់ថាសិក្ខាសាលាតំបន់ដែលរៀបចំរយេៈពេល ៣ ថ្ងៃនៅខេត្តព្រៃវែង​ គឺជាសិក្ខា​សាលា​តំបន់លើក​ទី៣ ដែលក្រសួងបរិស្ថានបានរៀបចំឡើងដើម្បីផ្តល់បច្ចេកទេស​ក្នុងការ​អនុវត្តមុខងារក្នុងវិស័យបរិស្ថាន ធនធានធម្មជាតិ ជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរ​ភាពជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីតំណាងខេត្តព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង និងកំពង់ចាម សិក្ខាសាលាក៏បានធ្វើបទបង្ហាញ​ពីមន្ត្រីជំនាញក្រសួងបរិស្ថាន និងអង្គភាពពាក់ព័ន្ធនានាផងដែរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង