ថ្នាក់ដឹកនាំនាយកដ្ឋានព័ត៌មានវិទ្យា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង តាមរយៈវីដេអូ Conference ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ គង្គា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា អញ្ជើញចូលរួមកិច្ចកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើ៣ជំពូក (ជំពូកទី៤,ទី៥,ទី៦) ដែលមានចំនួន១១មាត្រានៃសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អគ្គនាយកដ្ឋាន នាយកដ្ឋាននានា ក្រោមចំណុះក្រសួងមហាផ្ទៃ អ្នកជំនាញផ្នែកច្បាប់ និងអង្គភាពពាក់ព័ន្ធ មួយចំនួនទៀត តាមរយៈប្រព័ន្ធអនឡាញ។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះ អង្គប្រជុំ បានពិភាក្សាសម្រេច និងឯកភាពលើជំពូកទី៤ ទាំងស្រុង ហើយក៏មានការកែសម្រួលខ្លឹមសារមួយចំនួននៅលើជំពូកទី៥ មាត្រា១៨។ ដោយឡែកជំពូកទី៦ ក៏បានពិភាក្សាបញ្ចប់ត្រឹមមាត្រា២១ ក្នុងនេះផងដែរ អង្គប្រជុំក៏បានលើកជាយោបល់ថា ប្រជុំពេលក្រោយនិងនិយាយតែអំពីនិយមន័យប៉ុណ្ណោះ ព្រោះដោយសារតែទាក់ទងនឹងទោសបញ្ញត្តិ ក្រសួងស្ថានប័នមួយចំនួនមិនមានការពាក់ព័ន្ធ ក្នុងករណីនេះតម្រូវឲ្យក្រុមការងារជំនាញរបស់ក្រសួងមហាផ្ទៃ ធ្វើការពិភាក្សាតែជាមួយក្រសួងយុត្តិធម៌ ត្រឹមតែជាទ្វេភាគីប៉ុណ្ណោះ។
សេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះមាន ៩ជំពូក និង៥០មាត្រា ហើយក្រុមការងារបាននិងកំពុងបន្តដំណើរការប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាជាបន្តបន្ទាប់ ដើម្បីប្រមូលធាតុផ្សំផ្សេងៗ ដែលពាក់ព័ន្ធ ដើម្បីដាក់ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះ ហើយសេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានា សុច្ចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាប បទល្មើស បច្ចេកវិទ្យាព័ត៌មាន។
ជាងនេះទៅទៀត ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសបច្ចេកវិទ្យាព័ត៌មានដែ លប្រព្រឹត្តនៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជា ហើយដែលអំពើនោះធ្វើឲ្យប៉ះពាល់ដល់រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា៕








