សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចហើយ

នេះបើយោងតាមការឲ្យដឹងពីសម្ដេចតេជោ ហ៊ុន សែន ដែលបានសរសេរនៅលើបណ្ដាញសង្គមហ្វេសបុក នៅព្រឹកថ្ងៃទី០៥ កុម្ភៈ នេះ។
វ៉ាក់សាំងដែលបញ្ជូនមកដល់ក្នុងពេលឆាប់ៗនេះ តាមតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូស នៅល្ងាចថ្ងៃអាទិត្យទី៧កុម្ភៈ ២០២១ ដែលជាដំណាក់កាលដំបូង នៃជំនួយចំនួន១លានដូស។
ផ្អែកតាមផេកសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ម៉ោង៨ និង៣០នាទី ថ្ងៃទី១០ កុម្ភៈ ២០២១ ដំណើរ ការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។ ការចាក់វ៉ាក់សាំងនេះ នឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង។

សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថា «ថ្ងៃនេះជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន(៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១) ដែលជាទស្សនកិច្ចមានអត្ថន័យដ៍ជ្រាលជ្រៅនៃចំណងមិត្តភាព សាមគ្គីភាពក្នុងដំណាក់កាលដែលប្រទេសចិនកំពុងផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ដែលក្រោយនេះហៅថាកូវីដ១៩ ដែលពេលនោះខ្ញុំបានប្រើពាក្យថា (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រា លំបាក)»។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី កឺឈាង និងថ្នាក់ដឹកនាំចិនផ្សេងទៀត ដែលបានទទួលរូបខ្ញុំនិងគណប្រតិភូ ជាពិសេសបានជួយដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិនរាប់ទាំងនៅទីក្រុងវូហានផងអោយជៀសផុតពីជំងឺឆ្លង និងទទួលបាននូវការសិក្សាប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិនជាមិត្ត៕ by Chenda Poutthi

