ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះពិនិត្យដំណើរការBLOនៅខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី៤ និង៥ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីទទួលបានការចង្អុលបង្ហាញពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រុមការងាររបស់អគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការ រងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តឧត្តរមានជ័យ ដឹកនាំដោយឯកឧត្តម លឹម សុខតូ ប្រធានលេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តឧត្តរមានជ័យ បានជួបប្រជុំពិនិត្យដំណើរអនុវត្តយន្តការការិយាល័យទំនាក់ទំនងព្រំដែន BLO ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធនឹងការងារBLO។
កិច្ចប្រជុំនិងការចុះពិនិត្យនេះប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីស្វែងយល់ និងពិនិត្យ អំពីដំណើរការការិយាល័យទំនាក់ទំនងព្រំដែនBLOតាមព្រំដែន យន្តការទំនាក់ទំនងការងារលើកិច្ចសហការការងារជាមួយប្រទេសជិតខាង ចែករំលែកព័ត៌មានប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះ ឯកឧត្ដម លឹម សុខតូ ប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ការអនុវត្តយន្តការBLOទាំងបីរបស់ខេត្តទាំងបីជាមួយប្រទេសថៃមាន ១.BLOជប់គគីរ (កម្ពុជា) និងសាយ តាគូ (ថៃ) ២.BLO អូរស្មាច់ (កម្ពុជា) និង BLO ចម (ថៃ) ៣.BLOជាំ (កម្ពុជា) និងBLOស្រង៉ាំ(ថៃ) បានបំពេញការងារទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួនជាមួយនឹងការគាំទ្រពីថ្នាក់ជាតិ។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង ប្រធានក្រុមការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ កោតសសើរដល់ខេត្តដែលបានដឹកនាំសម្របសម្រួលការងាររបស់ការិយាល័យទំនាក់ទំនងព្រំដែនBLO ក្នុងពេលកន្លងមក។
ជាមួយនេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ក៏បានដឹកនាំពិភាក្សាលើចំនុចសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធដល់ការពង្រឹងនូវយន្តការ ឈានទៅរកប្រសិទ្ធភាព ទាំងការងារក្នុងក្របខណ្ឌជាតិ និងកិច្ចសហការទ្វេភាគី ជាមួយប្រទេសជាប់ព្រំដែន ហើយខ្លឹមសានិងលទ្ធផល នៃកិច្ចពិភាក្សា និងត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំ ជ្រាប និងផ្តល់នូវការណែនាំអនុវត្តបន្ត៕