អាជ្ញាធរខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំពង្រឹងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩

ខេត្តឧត្តរមានជ័យ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយ ក្នុងទិសដៅពង្រឹងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ កិច្ចប្រជុំនេះស្ថិតក្រោមវត្តមាន ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្ត និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក ប្រធានស្នាក់ការត្រួតពិនិត្យច្រកព្រំដែននិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនអង្គភាពទៀត។

នៅក្នុងឱកាសនោះឯកឧត្ដម ប៉ែន កុសល្យ បានថ្លែងថា ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិសដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ លោកបានណែនាំដល់អភិបាលរងខេត្ត ទទួលបន្ទុកតាមក្រុងស្រុកនិមួយៗ ត្រូវសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ទីរពាក់ព័ន្ធនានា យកចិត្តទុកដាក់តាមដាននៅតាមមណ្ឌលធ្វើចត្តាឡីស័កនៅច្រកទ្វារព្រំដែននានា ក្នុងទិសដៅមិនឲ្យនណាម្នាក់ឆ្លងកាត់ដោយ មិនបានត្រួតពិនិត្យនិងមិនបានធ្វើចត្តាឡីស័កនោះឡើយ។

ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងដោយសុំការយោគយល់អធ្យាស្រ័យពីប្អូនៗសិស្សានុសិស្ស ដែលរហូតមកដល់ថ្ងៃនេះមិនទាន់បានចូលរៀន ដោយសារសាលារៀនត្រូវបានយកទៅធ្វើជាមណ្ឌលធ្វើចត្តាឡីស័ក សម្រាប់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ។

ឯកឧត្ដមថា «ក្រៅពីយកសាលារៀនធ្វើជាមណ្ឌលធ្វើចត្តាឡីស័ក ពេលនេះយើងកំពុងរៀបចំតម្លើងតង់ចំនួន១០០ នៅក្នុងបរិវេណកីឡដ្ឋានខេត្ត ដើម្បីធ្វើជាទីតាំងចត្តាឡីស័កថែមទៀតផង។ ពេលនេះយើងកំពុងតែរៀបចំតបណ្តាញទឹក ភ្លើង និងរៀបចំសង់បន្ទប់អនាម័យចំនួន៣០ផងដែរ»។

ឯកឧត្ដម ប៉ែន កុសល្យ បានណែនាំឲ្យមន្ត្រី និងសមត្ថកិច្ចប្រចាំការតាមច្រកត្រួតពិនិត្យតាមព្រំដែន ត្រូវពន្យល់ពលករពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្ទាប់វិលត្រឡប់មកពីប្រទេសថៃ មុននឹងអនុញ្ញាតឲ្យបន្តដំណើរទៅ ស្រុកកំណើត។ លោកក៏បានណែនាំឲ្យត្រួតពិនិត្យតាមព្រំដែនក្រែងមានឆកល្វែងកន្លែងណាមួយដែលយើងមិនដឹង ហើយចំពោះការចេញចូលគឺត្រូវធ្វើចត្តាឡីស័កដាច់ខាត។

ឯកឧត្ដមអភិបាលខេត្តឧត្តរមានជ័យ បានចាត់ទុកបញ្ហានេះជាបញ្ហារបស់យើងទាំងអស់គ្នា។

យើងមានការលំបាកតិចទេ តែចំពោះសម្តេចតេជោ ហ៊ុន សែន វិញ គឺលោកមានការព្រួយបានរម្ភជាងយើង១០០០ដង ហើយលោកបានណែនាំបន្ថែមឲ្យពង្រឹងគណៈកម្មាការកូវីដនៅតាមក្រុងស្រុកឡើងវិញ ពិសេសគណៈកម្មការត្រូវចុះត្រួតពិនិត្យមើលតាមមណ្ឌលធ្វើចត្តាឡីស័កនានា ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងដែលយាមនៅទីនោះ៕ ប្រភព៖ រដ្ឋបាលខេត្ត



