យុវនារី-កុមារី និងបុគ្គលិក នៃអង្គការអាហ្វេស៊ីបកម្ពុជា សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ និងលេីកទឹកចិត្តជាបន្តបន្ទាប់

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសំណេះសំណាល សួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌ និងរៀបចំអាហារមួយពេលជាលេីកទី៣ ដល់កុមារី-យុវនារីចំនួន ១២៨នាក់ និងបុគ្គលិកចំនួន ៣១នាក់ នៅមណ្ឌលស្តារនីតិសម្បទាអាហ្វេស៊ីបទុំឌី នៃអង្គការអាហ្វេស៊ីបកម្ពុជា ដែលស្ថិតនៅផ្លូវបេតុងព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ កាកបាទក្រហមកម្ពុជា ក៏បានប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២១ សម្រាប់ឆមាសទី១ ជាមូលប្បទានបត្រចំនួន ១៥លានរៀល ដល់អង្គការអាហ្វេស៊ីបកម្ពុជា ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះក្មួយៗចៅៗទាំងអស់ និងសូមផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់ត្រូវយកចិត្តទុកដាក់គោរពវិន័យ មានសីលធម៌ និងគុណធម៌ក្នុងការរស់នៅ ចេះជួយគ្នា អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ជាពិសេសត្រូវខិតខំរៀនសូត្រឱ្យបានពូកែ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ដេីម្បីអនាគតភ្លឺស្វាង។ ទន្ទឹមនឹងនេះ សូមក្មួយៗចៅៗទាំងអស់ យកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងវិធានការនានារបស់ក្រសួងសុខាភិបាល វិធានការ៣កុំ-៣ការពារ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

យុវនារី-កុមារី និងបុគ្គលិកទាំងអស់នៃអង្គការអាហ្វេស៊ីបកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ក្នុងសង្គមមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

សូមបញ្ជាក់ថា បន្ថែមពីការឧបត្ថម្ភថវិកាប្រចាំឆមាសទី១ ឆ្នាំ២០២១ ចំនួន ១៥លានរៀល កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយរួមមាន មី ៥០កេស, ត្រីខ ៥០០កំប៉ុង ទឹកត្រី ៦០ដប ទឹកស៊ីអ៊ីវ ៦០ដប ផ្លែប៉ោម ១កេស ផ្លែក្រូចខ្វិច ៤កេស ផ្លែទំពាំងបាយជូរ ៣កេស ទឹកសុទ្ធ ២០កេស ទឹកក្រូច ២០កេស ប្រេងឆា ២កេស ជែលលាងដៃ ៤កេស និងម៉ាស់ ១កេស។ កុមារី-យុវនារី ១២៨នាក់ ម្នាក់ៗទទួលបានឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល។
បុគ្គលិក-គ្រូ ៣១នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល៕













