ពិធីផ្សព្វផ្សាយគោលនយោបាយ “ភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព”ទាំង៧ចំណុច របស់រាជរដ្ឋាភិបាលដល់មន្រ្តីរាជការនៅទូទាំងខេត្ត

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាល ដល់មន្រ្តីរាជការក្នុងខេត្តស្ទឹងត្រែង។

ពិធីដ៏មានសារៈសំខាន់នេះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាសំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ មេឃុំ ចៅសង្កាត់ កម្លាំងទាំងបីក្រុង ស្រុក ស្មៀនឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុង ស្រុកចូលរួមប្រមាណ ១៥០នាក់ នៅព្រឹកថ្ងៃសុក្រទី៥ ខែកុម្ភៈ ឆ្នាំ២០២១។

ឯកឧត្តម ម៉ុម សារឿន បានថ្លែងទៅកាន់អង្គពិធីថា សូមកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សមត្ថកិច្ចជំនាញ អាជ្ញាធរគ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ បញ្ហាគ្រឿងញៀន ឲ្យបានទាន់ពេលវេលា ជាពិសេសការងារពាក់ព័ន្ធទៅនឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយក្នុងមូលដ្ឋានតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងពង្រឹកការអនុវត្តន៍ប្រចាំបញ្ជាប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ ត្រូវខិតខំចុះមូលដ្ឋានឲ្យបានច្រើន ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ ស្តាប់នូវសំណូមពរ និងទទួលយកបញ្ហាប្រឈមដែលពួកគាត់កំពុងជួបប្រទះ ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា ជាពិសេស អាជ្ញាធរមូលដ្ឋាន ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរថែមទៀត ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

ក្នុងនោះដែរឯកឧត្តម ក៏បានអំពាវនាវស្នើដល់ «អាជ្ញាធរភូមិ ឃុំ សង្កាត់ សហការល្អជាមួយសមត្ថកិច្ច ក្នុងមូលដ្ឋានទាំងអស់ត្រូវរួមគ្នាបង្ការ និងទប់ស្គាត់ ឲ្យបានទាន់ពេលវេលា រាល់បទល្មើសនានា ពិសេសបញ្ហាចែកចាយ ប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យល្អប្រសើរថែមទៀត»៕ ប្រភព៖ រដ្ឋបាលខេត្ត




