ករណីបាក់ស្រុតច្រាំងទន្លេ ១កន្លែង ទំហំទទឹងប្រវែង ៨ម៉ែត្រ និងបណ្ដោយ ១៣០ម៉ែត្រ ស្ថិតនៅភូមិព្រែកទក់
ខេត្តកំពង់ចាម៖ កាលពីវេលាម៉ោង ១០.០០នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីបាក់ស្រុតច្រាំងទន្លេ ១កន្លែង ទំហំទទឹងប្រវែង ៨ម៉ែត្រ និងបណ្ដោយ ១៣០ម៉ែត្រ ស្ថិតនៅភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ប្រភពពីអាជ្ញាធរ ឲ្យដឹងថា ករណីនេះ មិនបណ្តាលឲ្យប៉ះពាល់ដល់ផ្ទះសំបែង និងអាយុជីវិប្រជាពលរដ្ឋឡើយ ប៉ុន្តែ បណ្តាលអោយលិចបាត់ម៉ាសុីនបូមទឹកចំនួន ៣គ្រឿង និងទូកប្រវែង ៩ម៉ែត្រ ចំនួន ១គ្រឿង។ តាមការសន្និដ្ឋាន មូលហេតុ នៃការបាក់ស្រុតនេះ បណ្តាលមកពីទឹកហូរជ្រោះចេញពីក្រោមដីមាត់ច្រាំង ទើបបណ្ដាលឲ្យហូរច្រោះបាក់តែម្ដង ។
ដោយឡែក ក្រោយពីបានទទួលរបាយការណ៍ ពីលោកមេឃុំខ្ពបតាងួន ភ្លាម លោក ទុន ណេត អភិបាល នៃគណៈអភិបាល ស្រុកស្ទឹងត្រង់ អមដំណើរដោយ មន្ត្រីក្រោមឱវាទចំណុះសាលាស្រុក និងលោកមេឃុំ ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំខ្ពបតាងួន បានចុះពិនិត្យមើលទីតាំង ដែលបានបាក់ស្រុតនោះ ដោយផ្ទាល់ ។ ជាមួយនោះ លោកអភិបាលស្រុក ក៏បានណែនាំផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ អោយមានការត្រៀមបង្ការការពារ និងប្រុងប្រយ័ត្នជានិច្ច ធ្វើយ៉ាងណា កុំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងបាត់បង់ទ្រព្យសម្បត្តិ ជាដើម ៕