ការរៀបចំស្ថាប័នហិរញ្ញប្បទានបៃតងនៅកម្ពុជា

ភ្នំពេញ៖ នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំស្ថាប័នហិរញ្ញប្បទានបៃតងនៅកម្ពុជា ដែលមានការចូលរួមពីតំណាងក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារជាតិកម្ពុជា និងសមាជិកសំខាន់ៗពីក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ដើម្បីពិភាក្សា និងផ្តល់មតិយោបល់លើលទ្ធផលបឋមពាក់ព័ន្ធនឹងការសិក្សាពិនិត្យវាយតម្លៃតម្រូវការរៀបចំស្ថាប័នធនាគារវិស័យឯកជនហិរញ្ញប្បទានបៃតង និងកំណត់គម្រោងបៃតងអាទិភាពនៅកម្ពុជា។ អង្គប្រជុំបានសម្រេចគាំទ្រគំនិតផ្តួចផ្តើមនូវលទ្ធផល ដែលរកឃើញដោយក្រុម Mekong Strategic Partners ទៅលើការកំណត់យកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៅកម្ពុជា មកពិនិត្យពិចារណាជាធនាគារឯកជនកំរិតជាតិទទួលបន្ទុកគ្រប់គ្រងហិរញ្ញប្បទានបៃតង ដោយបានស្នើឱ្យក្រុមការងារគម្រោងសិក្សាបន្ថែមច្បាប់ហិរញ្ញវត្ថុពាក់ព័ន្ធ និងកំណត់គម្រោងបៃតងអាទិភាពមួយចំនួននៅកម្ពុជា។








