សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ប្រកាសឧបត្ថម្ភថវិកា ១៧០លានរៀល និងសម្ភារៈឃីតចំនួន៨០០ ដល់បណ្តាខេត្តចំនួន៦ ជាប់ព្រំដែនវៀតណាម ដែលមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១​ថា ដោយមានបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី សម្រេចឲ្យក្រសួងសុខាភិបាល នាំយកថវិកាចំនួន ១៧០លានរៀល និងសម្ភារៈឃីត ៨០០កញ្ចប់ សម្រាប់ឧបត្ថម្ភដល់បណ្តាខេត្តចំនួន៦ នៅជាប់ព្រំដែនប្រទេសវៀតណាម ដែលមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។
លោកជំទាវបន្តថា ខេត្តជាប់ព្រំដែនវៀតណាម កំពុងមានប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ដែលទទួលបានប្រាក់ឧបត្ថម្ភរួមមាន ខេត្តកណ្តាល ថវិកា ២០លានរៀល និងសម្ភារៈឃីត ចំនួន ១០០, ខេត្តស្វាយរៀង ថវិកា ៥០លានរៀល និងសម្ភារៈឃីតចំនួន ៣០០, ខេត្តព្រៃវែង ថវិកា ៣០លានរៀល និងសម្ភារៈឃីតចំនួន ១០០, ខេត្តត្បូងឃ្មុំ ថវិកាចំនួន ២០លានរៀល និងសម្ភារៈឃីតចំនួន ១០០, ខេត្តរតនគិរី ថវិកា ២០លានរៀល និងសម្ភារៈឃីត ១០០ និងខេត្តតាកែវ ថវិកា ៣០លានរៀល និងសម្ភារៈឃីតចំនួន ១០០។
លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ថា «អនុវត្តន៍តាមបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ថវិកាឧបត្ថម្ភទាំង ១៧០លានរៀល និងសម្ភារៈឃីតចំនួន ៨០០សម្រាប់នេះ នឹងត្រូវរៀបចំបញ្ជូនទៅតាមបណ្តាខេត្តទាំងនោះ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី កាលពីទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ទប់ស្កាត់កុំឱ្យមានការឆ្លងជំងឺកូវីដ១៩ ពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ថា រាល់អ្នកឆ្លងចូលមកប្រទេសកម្ពុជា ត្រូវតែតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ជាដាច់ខាត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ក៏បានណែនាំទៅដល់ក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់ទៅបណ្តាខេត្តនៅជាប់ព្រំដែនវៀតណាម ជាមួយគ្នានេះខេត្តជាប់ព្រំដែនវៀតណាម ត្រូវពិនិត្យមើលមានអ្វីខ្វះខាត ហើយលើកសំណើរមកក្រសួងសុខាភិបាល ដើម្បីជួយរៀបចំធ្វើចត្តាឡីស័ក៕
អត្ថបទដែលជាប់ទាក់ទង