ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពីការផាកពិន័យចំពោះ ពលករកម្ពុជា ដែលគេចវេះមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានការសុខាភិបាល


ភ្នំពេញ៖ ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការផាកពិន័យចំពោះ ពលករកម្ពុជា ដែលគេចវេះមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានការសុខាភិបាល។
គួរបញ្ជាក់ផងដែរថា ការចេញសេចក្តីជូនដំណឹងខាងលើ បានធ្វើឡើងដោយយោង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ស​ម្តេ​ច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ព្រឹក​ថ្ងៃទី១៥ ខែកុម្ភៈ​ ឆ្នាំ ២០២១ និង​អនុក្រឹត្យ​លេខ ១២៩ អន​ក្រ​.ប​ក​ចុះ​ថ្ងៃទី ១៥ ខែកញ្ញា​ ឆ្នាំ២០១៥ ស្តី​ពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​និង​ឆ្លើយតប​ការ​ឆ្លង​រាលដាល​ជា​អន្តរជាតិនៃ​ជំងឺ​នៅ​តាម​ច្រកចេញ​ចូល។
​ដើម្បី​ថែ​សុវត្ថិភាព​សុខភាព​សាធារណៈ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ -១៩ ចូល​ក្នុង​សហគមន៍ ​ជាពិសេស​ចំពោះ​សុខភាព​របស់​ពលករ​និង​ក្រុម​គ្រួសារ​ផ្ទាល់​ ក្រសួងការងារ បានអំពាវនាវដល់​ពលករទាំងអស់​អនុវត្ត​ដូច​ខាងក្រោម​៖១.  មិន​ត្រូវ​លួច​ឆ្លងដែន​ខុសច្បាប់​ ចូល​មក​ប្រទេស​កម្ពុជា​ឡើយ​ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​អាយុជីវិត​ផ្ទាល់ខ្លួន​ និង​ការ​នាំ​ជំងឺឆ្លង​ចូល​មក​ប្រទេស​កម្ពុជា​។
២- ករ​ណី​ត្រូវ​ចូល​មក​ប្រទេស​កម្ពុជា​ត្រូវ​អនុវត្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ​ឱ្យ​បាន​ត្រឹមត្រូវតាម​វិធានការ​សុខាភិបាល​ដោយ​មិន​ត្រូវ​គេចវេះ​ជាដាច់ខាត​។ ករណី​គេចវេះ​ មិនព្រម​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យ​បាន​ត្រឹមត្រូវ​នឹង​ត្រូវ​ទទួលរង​ការ​ផាក​ពិន័យ​ចំនួន ១ ០០០ ០០០ រៀល​ឬ​ច្រើនជាង​នេះ​ និង​ទទួលទោស​ព្រហ្មទណ្ឌ​ដូច​មាន​ចែង​នៅក្នុង​ច្បាប់​និង​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជាធរមាន​។
៣-សហការ​ផ្តល់​ព័ត៌មាន​ដល់​ស្ថានទូត​ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដែល​នៅ​ជិត​ពាក់ព័ន្ធ​នឹង​មេខ្យល់​ ដែល​សន្យា​នាំ​បងប្អូន​ពលករ​ឆ្លងដែន​ចេញ​-ចូល​ខុសច្បាប់ប្រទេសកម្ពុជា។
ជាមួយគ្នានោះ ក្រសួងការងារ ទទូចឲ្យ​បងប្អូន​ពលករ​មេត្តា​រក្សា​ភាព​នឹងនរ ​និង​ចូលរួម​អនុវត្ត​ឱ្យ​ត្រឹមត្រូវ​និង​មានប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទដែលជាប់ទាក់ទង