Detail Top Banner

Updating បន្ទាប់ពីចាប់ខ្លួនបងធំ នៅភូមិជើងអក ករណីវាយបំផ្លាញទ្រព្យសម្បត្តិអ្នកភូមិដោយចេតនាមក សមត្ថកិច្ចបន្តរុករកតាមជំនាញឃើញថ្នាំញៀន១១១កញ្ចប់

ខេត្តកណ្តាល៖ ថ្ងៃអង្គារ​ ៥កើត ខែផល្គុន ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ​ ឆ្នាំ២០២១ វេលាម៉ោង០៧និង០៦នាទីព្រឹក​ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុក បានឃាត់ខ្លួន ជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណី ធ្វើឱ្យខូចខាតដោយចេតនា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១និង១៥នាទី នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងចំណោមជនសង្ស័យទាំង ២នាក់​នោះ ម្នាក់ មានដីកាបង្គាប់ឱ្យចាប់ខ្លួន​ និងជាប់ពាក់ព័ន្ធបទល្មេីស​ជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន គឺឈ្មោះ ខេង ភារី ហៅពៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដីឡូត៍ មានទីលំនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល​។ មុខសញ្ញាខាងលេីនេះធ្លាប់ជាប់ពន្ធនាគារ ២លេីក​ លេីកទី១​ ជាប់នៅខេត្តកណ្តាល​ ពីបទហិង្សាដោយចេតនា​ លេីកទី២ ជាប់នៅខេត្តកំពង់ស្ពឺ​ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ដីកានោះបានបង្គាប់ឱ្យចាប់ខ្លួន ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។ ដីកាលេខ២៤៥ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល។
នៅវេលាម៉ោង០៨និង៣០ព្រឹក នាថ្ងៃខែឆ្នាំដដែល ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ដោយមានការចូលរួមពីលោកនាយប៉ុស្តិ៍​ លោកក្រុមប្រឹក្សា ឃុំលោកមេភូមិ នៅចំពោះមុខជនសង្ស័យ​ កម្លាំងជំនាញបានធ្វើការឆែកឆេរផ្ទះ និងរោងចិញ្ចឹមមាន់របស់ឈ្មោះ ខេង ភារី ហៅពៅ​ នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល បានរកឃើញថ្នាំញៀនចំនួន ១១១​កញ្ចប់តូច និងថងវេចខ្ចប់ថ្នាំញៀនមួយចំនួន ដែលជនសង្ស័យបានលាក់ទុកក្នុងកាបូបដៃហើយ​ស៊ក​កប់នៅក្នុងដំបូលរោងមាន់(ដំបូលប្រក់ស្បូវ)។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ខេង ភារី បានឆ្លើយថា ថ្នាំញៀននៅចំពោះមុខនេះពិតជារបស់ខ្លួនពិតប្រាកដមែន ហើយថ្នាំញៀននេះខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះយកមកលក់ឱ្យនៅតាមផ្លូវជាតិផ្តុំកំបូល តម្លៃ ១៥០ដុល្លារ (មួយរយហាសិបដុល្លារ) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ហើយខ្លួនបានយកមកលក់បន្តឱ្យទៅឈ្មោះ រី ភារុណ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរស្រុកអង្គស្នួលដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទដែលជាប់ទាក់ទង