សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងករណីជំងឺកូវីដ១៩ឆ្លងសហគមន៍២០កុម្ភៈ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី ដែលសម្តេចតេជោបានដាក់ប្រសិទ្ធនាមថា ជាករណីឆ្លងសហគមន៍២០កុម្ភៈ ហើយក្រសួងបានរកឃើញឆ្លងសហគមន៍រហូតដល់ ៣២ករណី។
សម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងចូលសហគមន៍ រហូតដល់ចំនួន ៣២ករណី។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការរកឃើញកូវីដ១៩ថ្មីនេះ ជាព្រឹត្តិការណ៍អាក្រក់និងធ្ងន់ធ្ងរ ដែលយើងត្រូវតែបង្កើនការការពារបន្ថែមទៀត។
ពាក់ព័ន្ធទៅនឹងការឆ្លងចូលសហគមន៍ ២០កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជា និងអំពាវនាវឱ្យពលរដ្ឋខ្មែរចំនួន ៦ចំណុចដូចតទៅ៖
១-សម្តេចតេជោស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងការស្នាក់ការនៅរបស់ពលរដ្ឋ ដែលតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្តN8 និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ១៩ ជាចាំបាច់ ដោយមិនអនុញ្ញាតឲ្យចេញ-ចូល លើកលែងតែអ្នកដែលជាម្ចាស់ផ្ទះក្នុងតំបន់នោះ គឺឲ្យចូល តែមិនអនុញ្ញាតឲ្យចេញ ។
២- បន្តយកសំណាកធ្វើតេស្តសម្រាប់អ្នកនៅក្នុងតំបន់មានផ្ទុះកូវីដ១៩ ហើយបន្ទាប់ពីធ្វើតេស្តហើយត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដែលចំនួននៃការធ្វើតេស្តអាចនឹងមានចំនួនច្រើន។
៣- អាជ្ញាធរត្រូវបន្តស្វែងរកអ្នកពាក់ព័ន្ធនឹងក្លឹបN8 ទោះទៅដល់ទីណាក៏ដោយ ដើម្បីស្វែងរកមកធ្វើតេស្ត នឹងការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។
៤- ត្រូវធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមានការពាក់ព័ន្ធទាំងអស់ និងត្រូវយកសំណាករបស់ពួកគាត់មកធ្វើតេស្តផងដែរ
៥- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងក្លឹបN8 ទាំងអស់ និងពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ១៩ ទាំង៣២នាក់នេះ ម្ចាស់ការមកឱ្យពិនិត្យសំណាកជាចាំបាច់បំផុត។
៦- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋនៅភ្នំពេញ និងតំបន់ដទៃទៀត ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងក្នុងការអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឲ្យបានជាប់លាប់ល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ទាក់ទងទៅនឹងការផ្ទុះនៃព្រឹត្តិការណ៍២០ កុម្ភៈនេះ សម្តេចតេជោ មិនទាន់ចេញបញ្ជាបិទពិធីមង្គលការ សាលារៀន ឬកន្លែងផ្សេងទៀត ប៉ុន្តែសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ»
៣ការពារ ៖
១. ពាក់ម៉ាស់
២. ឧស្សាហ៍លាងដៃ
៣. រក្សាគម្លាតសុវត្តិភាពសង្គម និងសុវត្តិភាពបុគ្គល (ចាប់ពី ១,៥០មែត្រឡើងទៅ ឲ្យបានគ្រប់គ្នា គ្រប់ទីកន្លែង និងអនុវត្តឲ្យបានគ្រប់គ្នា)។
៣កុំ ៖
១. កុំចូលទៅកន្លែងបិតជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងដែលមានខ្យល់ចេញចូល
២. កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ
៣. កុំប៉ះពាល់ កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នាជាដើម ឲ្យបានល្អប្រសើរ។
សម្តេចតេជោ ជំរុញឲ្យពាក់ម៉ាស់នៅកន្លែងសាធារណៈទាំងអស់ ហើយរក្សាគម្លាតសុវត្ថិភាពឲ្យបានល្អប្រសើរ ហើយបើប្រជាពលរដ្ឋ គ្មានការចាំបាច់ សូមកុំចេញពីផ្ទះ។
ទោះជាមានការផ្ទុះនៃព្រឹត្តិការណ៍ ២០កុម្ភៈនេះក៏ដោយ សម្តេចតេជោមិនលុបចោលកម្មវិធីចូលរួមសន្និបាតក្រសួងមហាផ្ទៃ និងសម្ពោធសណ្ឋាគារហៃយ៉ាត់ នៅក្នុងសប្តាហ៍ក្រោយនេះនោះទេ។
សម្តេចតេជោ ហ៊ុន សែន ផ្តាំកុំឱ្យពលករខ្មែរត្រឡប់ពីប្រទេសថៃដើម្បីមកចូលរួមបុណ្យចូលឆ្នាំខ្មែរ នៅខែមេសាខាងមុខនេះ ព្រោះនឹងត្រូវជាប់ធ្វើចត្តាឡីស័ក មិនបានចូលឆ្នាំនឹងគេទេ។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ នឹងត្រូវបិទបញ្ចប់នៅអំឡុងពេល១ខែ នៅពេលប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងអនុវត្តវិធានការទាំងអស់គ្នាដោយយកចិត្តទុកដាក់៕ អរគុណសន្តិភាព