ចាប់បានហើយ! ឈាមស្រែកស្បែកហៅ ជនសង្ស័យជាឃាតក ហ៊ានផ្លោះរបងចូលកាប់ជនរងគ្រោះដល់ក្នុងផ្ទះ បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ ២នាក់
ភ្នំពេញ៖ ក្រោយពីមានករណីហិង្សាមួយដោយយុវជនមួយក្រុមមានគ្នា ៦នាក់ ដកកាំបិត និងដាវ ចូលកាប់យុវជនមួយក្រុមទៀតដែលកំពុងអង្គុយផឹកស៊ីក្នុងផ្ទះ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់និង ២នាក់ទៀតរងរបួសធ្ងន់ នៅវេលាម៉ោង ២២នឹង០០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ក្រុម១៩ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១មានឈ្មោះ សែម ហេង (របួសធ្ងន់) ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់តុ មានទីលំនៅបច្ចុប្បន្នភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ជនរងគ្រោះទី២ ឈ្មោះ ចឹប ចាន់ឌីន (របួសស្រាល) ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើការក្នុងហាងអ៊ីនធឺណិត មានទីលំនៅបច្ចុប្បន្នភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងទី៣ ឈ្មោះ លី តុ (ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ)ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅបច្ចុប្បន្នភូមិស្កូវ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង សពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
រហូតដល់វេលាម៉ោង២៣.៤០នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចរោងកម្មករស្នាក់នៅរបស់បុរីភ្នំពេញផាក ជាប់ផ្លូវជាតិលេខ៦អា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ ខណ្ឌជ្រោយចង្វា បានសហការណ៏ជាមួយកម្លាំង អាវុធហត្ថរាជធានីភ្នំពេញបានធ្វើការចាប់បានជនសង្ស័យចំនួន ៣នាក់ ក្នុងចំនោមបក្សពួកចំនួន ៦នាក់ ដែលធ្វើសកម្មភាពវាយកាប់គ្នា។
ជនសង្ស័យដែលឃាត់ខ្លួនបាន ៣នាក់ មានឈ្មោះ៖
-ទី១ រុន សុភ័ក្រ (ជនដៃដល់) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាសំណង់ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប
-ទី២ ឈ្មោះ ពេជ្រ ប៉ី (ជនដៃដល់)ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិតាយេក ឃុំតាយេក ស្រុកដំដែក ខេត្តសៀមរាប។និង
-ទី៣ ឈ្មោះ វាន់ ឌឿន (សង្ស័យពាក់ព័ន្ធ)ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិខ្ជាយ ឃុំតំបែ៑ល ស្រុកតំបែ៑ល ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានរកឃើញវត្ថុតាងចាប់យកបានរួមមាន ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅមួយគ្រឿង គ្មានស្លាកលេខ ម៉ូតូហុងដាសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW.5444 ដាវចំនួន ១ដើម និងទូរស័ព្ទចំនួន ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំណែកបក្ខពួក៤នាក់ទៀត ដែលរត់គេចខ្លួនមានមានឈ្មោះ
១ ឈ្មោះ រ៉ា ភេទប្រុស
២ ឈ្មោះ មិត្ត ហៅអាបង ភេទប្រុស
៣ ឈ្មោះ រិទ្ធ ភេទប្រុស
៤ ឈ្មោះ ក្រឹម ភេទប្រុស
បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ខាងលើ ដែលកំពុងរត់គេច គឺកម្លាំងសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនបន្តទៀតដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕ ដោយ១៩