រដ្ឋបាលរាជធានីភ្នំពេញ ចេញសារព្រមានម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន ត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬអាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌ បើល្មើសនឹងវិធានការការពារកូវីដ.១៩
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសារព្រមានម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន ត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬអាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌ បើល្មើសនឹងវិធានការការពារកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល។
យោងតាមសេចក្តីជូនដំណឹងនេះ ក្នុងរយៈពេលអនុវត្តកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា ប្រជាពលរដ្ឋ ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួន បានអនុវត្តតាមវិធានការខាងលើបានល្អប្រសើរ ប៉ុន្តែ មួយចំនួនទៀត នៅមិនទាន់បានអនុវត្តតាមវិធានការខាងលើបានល្អនៅឡើយ ដូចជា ក្នុងពេលកម្មវិធីជួបជុំផ្សេងៗ មិនរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលឱ្យបានត្រឹមត្រូវ មានការប៉ះពាល់គ្នា ចាប់ដៃគ្នា កៀកស្មាគ្នា ឱបរឹតគ្នា ភ្លេចការការពារខ្លួន និងធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ ។
«ចំពោះមុខ ដើម្បីឈានទៅគ្រប់គ្រងបាន ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់កម្មវិធី ម្ចាស់អាជីវកម្មដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តឱ្យម៉ឺងម៉ាត់បំផុតនូវ “វិធានការគម្លាពសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល”។ ក្នុងករណីនៅតែ
មិនព្រមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន ត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬ អាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។ នេះបើតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់បន្ថែម។
រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមធ្វើការណែនាំដល់ប្រជាពលរដ្ឋ ម្ចាស់កម្មវិធី ម្ចាស់អាជីវកម្មដ្ឋាន អាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាពជំនាញ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសជំរុញការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមមាន៖
* ៣ការពារ ៖
១. ពាក់ម៉ាស
២. លាងដៃ
៣. រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី ១ម៉ែត្រកនួរឡើងទៅ ឱ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែងទាំងអស់)។
* ៣កុំ ៖
១. កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៉ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែងដែលមានខ្យល់ចេញ-ចូលគ្រប់គ្រាន់
២.កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា ជាដើម។
រដ្ឋបាលរាជធានីភ្នំពេញ ថែមទាំងបានចាត់ឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចុះទៅត្រួតពិនិត្យទីតាំងប្រារព្ធកម្មវិធីជួបជុំទាំងអស់ ដើម្បីឱ្យម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋានអនុវត្តឱ្យខាងតែបាននូវរាល់វិធានការការពារទាំងអស់ខាងលើ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕