សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមន្រ្តីជាន់ខ្ពស់យោធាមីយ៉ាន់ម៉ាចំនួនពីររូបបន្ថែមទៀត ពាក់ព័ន្ធនឹងការធ្វើប្រហារ
អាមេរិក៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើសមាជិកចំនួន០២រូបនៃរបបយោធាមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ ។
រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា ខ្លួនបានបង្កកទ្រព្យសម្បត្តិក្នុងសហរដ្ឋអាមេរិក និង ផ្អាកការចូលមកក្នុងសហរដ្ឋអាមេរិក នៃសមាជិកចំនួនពីររូបរបស់ក្រុមប្រឹក្សារដ្ឋបាលដែលកំពុងកាន់អំណាចថ្មី គឺឧត្តមសេនីយ៍ មោង មោង ខ្យ៉ ដែលជាអ្នកបញ្ជា កងទ័ពអាកាស និងឧត្តមសេនីយ៍ឯក ម៉ូ ម្យីនត៍ ថុន ។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងអំពាវនាវឱ្យយោធា និងប៉ូលិសបញ្ឈប់រាល់ការវាយប្រហារទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី… សូមដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់… បញ្ឈប់ការវាយប្រហារ និងការបំភិតបំភ័យអ្នកសារព័ត៌មាន និង ក្រុមសកម្មជន ក៏ដូចជាស្តាររដ្ឋាភិបាលដែលត្រូវបានជ្រើសរើសដោយលទ្ធិប្រជាធិបតេយ្យឡើងវិញ ៕ ប្រភព៖ AFP