សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាល ប៉ុន្តែទោះជាយ៉ាងណាសម្ដេចមិនទាន់សម្រេចបិទសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសនៅឡើយនោះទេ



ភ្នំពេញ ៖ ជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងទៅព្រឹត្តិការណ៍ 20កុម្ភៈ នៃការផ្ទុះជំងឺឆ្លងកូវដ19នៅក្នុងសហគមន៍ ដែលរហូតមកដល់ព្រឹកថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2021 មានកំណើនអ្នកឆ្លងសរុបជាង100នាក់ទៅហើយ និងអាចបន្តមានកំណើនទៀតនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាល ប៉ុន្តែទោះជាយ៉ាងណាសម្ដេចមិនទាន់សម្រេចបិទសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសនៅឡើយនោះទេ។

តាមរយៈសារបន្ទាន់ជាសម្លេងរបស់សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2021 បានមានប្រសាសន៍ថា «ខ្ញុំ ព្រះករុណាខ្ញុំ មិនបិទសកម្មភាពសេដ្ឋកិច្ចនោះទេ ដូចជារោងចក្រ សហគ្រាស ភោជនីយដ្ឋាន អាហារដ្ឋាន ប៉ុន្តែក៏សុំឱ្យមានការយកចិត្តទុកដាក់រក្សានូវគម្លាត សុវត្ថិភាពឱ្យបានហ្មត់ចត់»។

សម្ដេចបានបន្តថា «ខ្ញុំ ព្រះករុណាខ្ញុំនៅតែបន្តប្រគល់នូវអំណាចសម្រាប់អភិបាលរាជធានី និងខេត្តធ្វើការសម្រេចបិទចំពោះភោជនីយដ្ឋាន អាហារដ្ឋាន ឬកន្លែងលក់ដូរណាដែលមិនគោរពទៅតាមវិធានការរបស់ក្រសួងសុខាភិបាល។ យើងធ្វើនេះដើម្បីរក្សានូវមុខរបរ និងប្រាក់ចំណូលរបស់បងប្អូនប៉ុន្តែយើងក៏ត្រូវតែធានាធ្វើយ៉ាងណាដើម្បីឱ្យប្រជនរបស់យើងមិនមានការឆ្លងនូវការឆ្លងកូវីដ19»។

សម្ដេចបានបន្តទៀតថា «ពិតណាស់ហើយវាជាការលំបាក ក៏ប៉ុន្តែវាជារឿងចាំបាច់ដែលត្រូវតែធ្វើដោយខានមិនបាន។ ខ្ញុំសុំឱ្យឯកឧត្តមរាជធានីភ្នំពេញ បន្តការចែកម៉ាស់ដល់ប្រជាពលរដ្ឋពលរដ្ឋរបស់យើងដែលនៅតាមផ្សារលក់ដូរ នៅទីកន្លែការងារមួយចំណែកទៀតដែលខ្វះខាតម៉ាស់ ប៉ុន្តែសម្រាប់អ្នកដែលធ្វើដំណើរតាមផ្លូវដែលមានម៉ាស់ត្រូវពាក់ម៉ាស់។ គិតគូរអំពីសុវត្ថិភាព និងសុខភាពរបស់បងប្អូនដោយចាប់ផ្តើមពីការពីមនុស្សម្នាក់ៗ ម៉ាស់ គឺជាវិធីដែលងាយដោះស្រាយបញ្ហា រាប់ទាំងម៉ាស់របស់ពេទ្យ ម៉ាស់ក្រណាត់ រាប់ទាំងក្រមាដែលត្រូវប្រើប្រាស់ផងដែរដើម្បីរក្សានូវសុវត្ថិភាពនៅក្នុងកាលៈទេសៈដ៏លំបាកមួយនេះ»៕By:AMS

សម្រាបសម្រួលចេញផ្សាយដោយ​:សេងហុង​

អត្ថបទដែលជាប់ទាក់ទង