ក្រសួងអប់រំប្រកាសជ្រើសរើសនាយកសាលាល្អ​ គ្រូបង្រៀនល្អ សាលារៀនល្អ ដើម្បីផ្ដល់ពានរង្វាន់

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនាយកសាលាល្អ គ្រូបង្រៀនល្អ សាលាស្អាតនៅទូទាំងរាជធានី-ខេត្ត ដើម្បីផ្ដល់ពានរង្វាន់សម្ដេចតេជោសែនក្នុងអង្គសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា 2019 -2020។ ​នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី 22 ខែកុម្ភៈ។

សម្រាប់ឆ្នាំនេះក្រសួងអប់រំនៅតែបន្តជ្រើសរើសនាយកសាលាល្អ គ្រូបង្រៀនល្អ និងសាលាស្អាតពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២ ដោយផ្អែកតាមគោលការណ៍វិនិច្ឆ័យ​និងនីតិវិធីដែលបានកំណត់។ ទន្ទឹមគ្នានេះ ក្រសួងស្នើរឱ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្តទាំងអស់ រៀបចំយន្តការនិងនីតិវីធីជ្រើសរើសយកនាយកសាលាល្អ១រូប គ្រូបង្រៀនល្អ១រូប និងសាលាស្អាត១។

ដំណើរការជ្រើសរើសនេះ ក្រសួងវាយតម្លៃផ្អែកលើកំណត់ហេតុចុះវាយតម្លៃ បញ្ជីបេក្ខភាព របាយការណ៍ លក្ខណវិនិច្ឆ័យឯកសារពាក់ព័ន្ធក្នុងដំណើរការវាយតម្លៃ វីឌីអូសកម្មភាពរយៈពេលសាមសិបនាទី បទបង្ហា​ញផ្អែកលើសូចនាករវាយតម្លៃរយៈពេ​ល​សាមសិបនាទី ដោយភ្ជាប់ឯកសារគាំទ្រ រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា (អគ្គាធិការដ្ឋាន) ឱ្យបានមុនថ្ងៃទី 15 ខែមីនា ឆ្នាំ 2021 ដើម្បីវាយតម្លៃជ្រើសរើស និងឈានដល់ដំណាក់កាលចុះវាយតម្លៃដោយផ្ទាល់។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បង្កើតកម្មវិធីប្រកួតប្រជែងនេះឡើង ក្នុងន័យជំរុញនិងលើកទឹកចិត្តដល់នាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅក្នុងសាលារៀននីមួយៗ ឱ្យមានស្មារតីចូលរួមថែរក្សាបរិស្ថានសាលារៀន រៀបចំ និងគោរពវិន័យទាំងក្នុងនិងក្រៅសាលារៀនរបស់លោកគ្រូអ្នកគ្រូ និងសិ​ស្សា​នុសិ​ស្ស៕

អត្ថបទដែលជាប់ទាក់ទង