ព្រឹត្តិការណ៍ថ្មី Phnom Penh International Aquathlon នឹងបង្ហាញវត្តមាន នៅខែមិនា ឆ្នាំ២០២១

ភ្នំពេញ៖ លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡា ទ្រីអាត្លុងកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍ថ្មី ដែលមាន ឈ្មោះ Phnom Penh International Aquathlon ពុំធ្លាប់រៀបចំ ពីមុនមកនៅកម្ពុជា សហព័ន្ធគ្រោងរៀបចំ នៅក្នុងពហុកីឡដ្ឋាន មរតកតេជោ នាអំឡុងពាក់កណ្តាល ខែមិនា ឆ្នាំ២០២១ ។
អគ្គលេខាធិការ ខាងលើ អះអាងថា ព្រឹត្តិការណ៍ថ្មីនេះ សហព័ន្ធរៀបចំ ឡើងក្នុងគោលបំណងផ្សព្វផ្សាយ អំពីវិញ្ញាសា Aquathlon ដែលជាវិញ្ញាសាថ្មីមួយ ត្រៀមបញ្ចូល នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ពិសេសទៀតនោះ សហព័ន្ធចង់ឲ្យកីឡាករ កីឡាការិនី បានពង្រឹងសមត្ថភាពបច្ចេកទេស ចំពោះវិញ្ញសាថ្មី ដើម្បីត្រៀមដណ្តើម មេដាយជូនកម្ពុជា ។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍ថ្មីនេះយើងក៍បើកឲ្យកីឡាករ បរទេសចូលរួម ប្រកួតប្រជែង ជាមួយអត្តពលិកយើង ដើម្បីបន្សាំខ្លួន នឹងផ្លាស់ប្តូរបទពិសោធន៍ ត្រៀម ចេញទៅប្រកួត នៅលើឆាកអន្តរជាតិ ។

សូមបញ្ជាក់ថា Aquathlon ជាវិញ្ញាសាមួយ ក្នុងប្រភេទកីឡា ទ្រីអាត្លុង ដោយត្រូវលេង ២វិញ្ញាសាបូក បញ្ចូលគ្នា គឺហែលទឹក មួយគីឡូម៉ែត្រ និងរត់ចម្ងាយ ៥គីឡូម៉ែត្រ ។ សម្រាប់ព្រឹត្តិការណ៍ថ្មីនេះ មានឈ្មោះថា Phnom Penh International Aquathlon គ្រោងនឹងរៀបចំ នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២១ ប្រសិនបើស្ថានភាព ជំងឺកូវីដ-១៩ មានភាពល្អប្រសើរ ៕ អរគុណសន្តិភាព
