សម្តេចសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើរសារជូនបងប្អូនជនរួមជាតិបន្តការប្រុងប្រយ័ត្នខ្ពស់ចូលរួមទ​ប់ស្កាត់​ការរីករាលដាលនៃជំងឺកូវីដ-១៩

សម្តេចសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសរេសេរសារតាមរយៈបណ្តាញសង្គមថា​សូមឲ្យបងប្អូនជនរួមជាតិ​បន្តការប្រុង​ប្រយ័ត្ន​ខ្ពស់​ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ដោយក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសយើងបានប្រឈមការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ជាថ្មី ពិសេស នៅតាមរាជធានី ខេត្តមួយចំនួន ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងបណ្តារ ខេត្ត​ជាប់ព្រំដែនប្រទេសជិតខាង។ ក្នុងន័យនេះ សម្តេចសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមអំពាវនាវដល់​បងប្អូនជនរួមជាតិបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការនានាដែលរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានដាក់ចេញ សំដៅការពារ និងបញ្ចៀសឱ្យផុតពីការឆ្លងរាលដាលកាន់តែធំឡើង ហើយដែលអាចបង្ករ​គ្រោះថ្នាក់​​កាន់តែធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ច និងសង្គម នៃប្រទេសរបស់យើង។

ជាមួយគ្នានេះ សម្តេចសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏សូមអំពាវដល់ប្រជាពលរដ្ឋដែល​បានដឹងថា​ខ្លួនបានជាប់ពាក់ព័ន្ធនឹងករណីព្រឹត្តិការណ៍២០កុម្ភៈ សូមសហការជាមួយអាជ្ញារធរ​ពាក់ព័ន្ធដោយចេញមក​ធ្វើតេស្ត​​ និងធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់កុំឲ្យបញ្ហានេះកាន់តែរីកធំឡើង ដែលជាលទ្ធផលគ្មាននរណា​ក្រៅពី​សមាជិកគ្រួសារយើង បងប្អូនយើង និងសង្គមជាតិទេ ដែលអាចនឹងរងការខូចខាតដោយសារជំងឺកូវីដ-១៩​នេះ។

ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៍សូមលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភាទំាងអស់ សូមចុះជាប់ជាមួយប្រជាពលរដ្ឋនិងមានកិច្ចសហការល្អជាមួយអាជ្ញាធរ ដើម្បីអប់រំ ផ្សព្វផ្សាយ បន្ថែមដល់ពលរដ្ឋអំពីជំងឺកូវីដ-១៩ និងអំពីវិធានការការពារ ជាពិសេសត្រូវត្រៀមលក្ខណៈ​​អន្តរាគមន៍​ឲ្យបានទាន់ពេលវេលា ជួយដល់ប្រជាពលរដ្ឋយើងនៅទូទំាងប្រទេសក្នុងគ្រាលំបាកនេះ។

សូមជនរួមជាតិ បានសមប្រកបតែពុទ្ធពរទំាង ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កម្បីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង