ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អញ្ជើញសួរសុខទុក្ខ ប្រកាសសង់ផ្ទះថ្មី និងនាំយកអំណោយ ផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយអគ្គិសភ័យចំនួន ៣គ្រួសារ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណ: អចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី១រដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ធំ រួមដំណើរ​ដោយឯកឧត្ដម ជាសមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ធំ ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងមន្រ្តីរាជការ មួយចំនួនផងដែល បានអញ្ជើញសួរសុខទុក្ខ ប្រកាសសង់ផ្ទះថ្មី និងនាំយកអំណោយ ផ្ដល់ជូន​ដល់គ្រួសាររងគ្រោះដោយអគ្គិសភ័យចំនួន ៣គ្រួសារ រស់នៅក្នុងភូមិក្រសាំងជ្រំជើង ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងប្រសាសន៍សំណេះសំណាលនាពេលនោះ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានចូលរួម​សោក​ស្ដាយ ជាមួយគ្រួសាររងគ្រោះក្នុងហេតុការណ៍អគ្គិសភ័យនេះដែលតាមសេចក្ដី រាយការណ៍របស់តំណាងឃុំ គឺបណ្ដាលមកពីទុសសេខ្សែភ្លើង និងការចុះជួយប្រជាជន នៅពេលនេះគឺជាការអនុវត្តតាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺថា- «ទីណាមានប្រជាជនជួបទុក្ខលំបាក ទីនោះ​គឺមានមុខគណបក្ស ប្រជាជនកម្ពុជា រីឯអគ្គិសភ័យឆាបឆេះផ្ទះបីខ្នង របស់ប្រជាជន ៣ គ្រួសារនេះដូច​ពាក្យ​បុរាណ​ពោលថា«សូវលិចទូកកណ្ដាលទន្លេ កុំអោយតែភ្លើងឆេះផ្ទះ»។

ឯកឧត្ដមបណ្ឌិត ក៏បានថ្លែងអរគុណ ចំពោះសប្បុរសជន ទាំងអស់ដែលបានចូលរួមឧបត្ថម្ភ ដើម្បីជួយសំរាល​ទុក្ខ​លំបាក ដល់គ្រួសាររងគ្រោះកន្លងមកផងដែរ ។ ឯកឧត្ដមបណ្ឌិតឆ្លៀត ឱកាសនោះក៏បានជំរាបជូនអំពី​ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ និងណែនាំឲ្យទាំងអស់គ្នាត្រូវតែអនុវត្តតាមវិធាន របស់ ក្រសួង​សុខាភិបាល ។

ឯកឧត្ដមបណ្ឌិត បានប្រកាសផ្ដល់ជូនគ្រួសាររងគ្រោះគឺ សាងសង់ផ្ទះធ្វើពីបេតុងចំនួន ៣ខ្នងក្នុងនោះមានការ​ចូលរួមពីឯកឧត្ដម យឹម លាត សមាជិករដ្ឋសភា និង ឯកឧត្ដម សុខ លូ អភិបាលខេត្តផងដែរ។

*តំណាងឃុំ សំព្រោច និងគ្រួសាររងគ្រោះទាំង ៣គ្រួសារ បានថ្លែងនូវសេចក្ដីត្រេកអរ និងអរគុណជាទីបំផុត ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល និងគណៈប្រតិភូរួមដំណើរ​នៅពេលនេះ យើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ចក្នុងមួយជីវិតនូវសណ្ដានចិត្តដ៏ឧត្ដុង្គឧត្ដមនេះ៕

អត្ថបទដែលជាប់ទាក់ទង