ឯកឧត្តម វ៉ាត់ ចំរើន ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ រួចរាល់ជាលើកទី២ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
ឯកឧត្តមអគ្គលេខាធិការលើកឡើងថា «ការចាក់លើកទី២ និងជាលើកចុងក្រោយបានបញ្ចប់ដោយភាពកក់ក្តៅ និងមានអារម្មរណ៍កាន់តែល្អ។ ប៉ុន្តែតាមការណែនាំបន្ថែមគឺតមជាតិស្រវឹងដដែល ហាមមិនឲ្យទឹកប៉ះមុខម្ជុល១២ម៉ោង ពិសេស ២៨ថ្ងៃក្រោយ ត្រូវពិនិត្យមើលថា អង្គទីក័រវ៉ាក់សាំងបានដុះគ្រប់គ្រាន់ពិតប្រាកដ ឬអត់? យ៉ាងណាក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង នៅតែឲ្យអនុវត្តវិធានការ “៣កុំ និង៣ការពារ”ដដែលនៅគ្រប់ពេលវេលា។ សូមឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹកទាំងអស់កុំមានការព្រួយបារម្ភ។ សូមអរគុណ សន្តិភាព និងយុទ្ធនាការចាក់វ៉ាក់សាំង។
ឯកឧត្តមបានបញ្ជាក់ថា សូមថ្នាក់ដឹកនាំ មន្រ្តីកីឡា និងកីឡាករជម្រើសជាតិ ត្រៀមចូលរួមចាក់វ៉ាក់សាំង តាមការណែនាំខាងក្រោម:
១- វេលាម៉ោង ៣ រសៀលថ្ងៃទី ២៥ នេះ សូមអញ្ជើញគ្រូបង្វឹក ឬ អគ្គលេខាធិការតំណាងប្រភេទកីឡានីមួយៗ មកលេខាធិការដ្ឋាន CAMSOC យកទម្រង់បែបបទបំពេញទុកឲហើយមុនទៅមន្ទីរពេទ្យព្រះកេតុមាលា។
២- កម្មវិធីត្រូវចាក់មាន៣ថ្ងៃគត់គឺ ថ្ងៃទី២ មីនា ចំនួនប្រមាណ ៤០០នាក់ ថ្ងៃទី៣ មីនា ប្រមាណ៤០០នាក់ និងថ្ងៃទី៤ មីនា ១៥១នាក់ គ្រប់ចំនួន ១០៥១នាក់ ដោយចាប់ពីម៉ោង៧ព្រឹកត្រូវទៅដល់មន្ទីរពេទ្យ។
៣- ក្រុមត្រូវចាក់តាមថ្ងៃនីមួយៗ ផ្តល់ជូនបញ្ជីឈ្មោះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ សូមអញ្ជើញទៅពេទ្យតាមមធ្យោបាយផ្ទាល់ខ្លួន។
ជាមួយគ្នានោះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវនាវឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីកីឡានៃក្រុមជម្រើសជាតិកម្ពុជា ដែលមានចំនួន ១០៥១នាក់ ដែលគ្រោងនឹងរៀបចំឲ្យទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នាថ្ងៃទី២-៣-៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះកេតុមាលា (មន្ទីរពេទ្យ១៧៩ ) វេលាម៉ោង៨ព្រឹកនោះ សូមចូលរួមការចាក់ឲ្យបានគ្រប់ៗគ្នាដោយការស្ម័គ្រចិត្ត ដើម្បីផ្តល់ជំនឿចិត្ត និងភាពកក់ក្តៅក្នុងចិត្តសាស្រ្តកីឡា ត្រៀមទៅហ្វឹកហាត់ក្រៅប្រទេស និងប្រកួតកីឡាអន្តរជាតិនានា ក្នុងឆ្នាំ២០២១ ជាពិសេសគឺការចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ក៏ដូចជាហ្វឹកហាត់ក្នុងប្រទេស និងក្រៅប្រទេស ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។
ជាមួយគ្នានោះ ក្នុងនាមគណៈកម្មាធិការជាតិ CAMSOC និង NOCC បានបង្ហាញនូវក្តីត្រេកអរជាខ្លាំង និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ និងចាត់បញ្ចូលនៃក្រុមជម្រើសជាតិកម្ពុជាឲ្យស្ថិតនៅក្នុងក្រុមមនុស្សអត្ថិភាព៕