សម្តេចពិជ័យសេនា ទៀ បាញ់ និងអនុព័ន្ធយោធា នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញចុះ​ត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនមន្ត្រីកងរាជអាវុធហត្ថ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និងប្រតិភូអមដំណើរ ព្រមទាំងអនុព័ន្ធយោធា នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅ​កម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនយោធិននៃកងរាជអាវុធហត្ថ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្នុងពិធីនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កង​រាជអាវុធ​ហត្ថលើផ្ទៃប្រទេស និងនាយទាហានជាន់ខ្ពស់ នៃកងរាជអាវុធហត្ថទទួលស្វាគមន៍យ៉ាងកក់ក្តៅ។​កម្លាំងអាវុហត្ថ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាំងពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទី​បញ្ជាការដ្ឋានអាវុហត្ថលើផ្ទៃប្រទេស។ សូមបញ្ជាក់ថា កាលពីថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១ ថ្នាក់ដឹកនាំមួយ​ចំនួនរបស់កម្ពុជា កងទ័ព និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ ៥៩ឆ្នាំ បានចាប់ផ្តើមចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។

ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះស៉ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៥ ដែលមានអាយុចន្លោះពី១៨ ទៅ ៥៩ឆ្នាំ៖

១. មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២. មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤. មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន
៥. មន្ទីរពេទ្យកេតុមាលា សម្រាប់ថ្នាក់ដឹកនាំកងទ័ព។ ដោយឡែក សម្រាប់អង្គភាពទ័ពមួយចំនួន នឹងមាន​ការរៀបចំទៅដាក់ដល់ក្នុងអង្គភាពផ្ទាល់តែម្ដង។

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ចំនួន ៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំងស៉ីណូហ្វាម ដែលផលិតដោយ​រដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ២០២១។ គិតត្រឹមយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sino​pharm) របស់ចិន ជូនកងកម្លាំងកើនដល់ចំនួនសរុប ៤៤ ១៧១នាក់ ក្នុងនោះមាននារី ៣ ៧២១​នាក់។

ដោយឡែកសម្រាប់ក្រសួងសុខាភិបាលវិញ គិតត្រឹមយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចាក់វ៉ាក់សាំង​កូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ១០,១១៥នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ៣២៩១នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង៧.០០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញ​អ្នកឆ្លង​កូវីដ១៩ ចំនួន​ ៦៥នាក់​ (ករណីឆ្លងសហគមន៌នៅភ្នំពេញ ៥៨នាក់​ ក្រុងព្រះសីហនុ​ ៦នាក់​ និងករណីនាំចូល​ ១នាក់​ យោធាមួកខៀវ)​​ ចំនួនអ្នកឆ្លងសរុប ៦៩៧នាក់ ស្រី ២៧៨នាក់ ប្រុស ៤១៩នាក់ និងមានអ្នកជា​សះស្បើយ ៤៧៧នាក់ ស្រី ១៦៩នាក់ ប្រុស ៣០៨នាក់ បច្ចុប្បន្នអ្នកកំពុងសម្រាកព្យាបាល​សរុប​កើនឡើង ២១៧នាក់ ស្រី ១០៧នាក់ និងបុរស ១១០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង