ក្រសួងអប់រំស្នើផ្អាកអាជីវកម្មហាត់ប្រាណ និងកីឡាគ្រប់ប្រភេទនៅភ្នំពេញ និង ២ខេត្តទៀត

ក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំផ្អាកដំណើរការអាជីវកម្ម ក្លិបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ។

ការស្នើរបស់ក្រសួងអប់រំ យុវជន និងកីឡានេះ ក្រោយផ្ទុះនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈដែលមានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដើម្បីចៀសវាងការរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយហេតុនេះ ក្រសួងអប់រំបានស្នើផ្អាកដំណើរការអាជីវកម្ម ក្លិបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្ដុំនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈតទៅរហូតមានការជូនដំណឹងថ្មី លើកលែងតែការប្រកួតកីឡាដែលមានការផ្សាយផ្ទាល់តាមទូរទស្សន៍។ នេះបើយោងតាមលិខិតដែលចុះហត្ថលេខា ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកាលពីល្ងាចថ្ងៃពុធម្សិលមិញ៕
