កងកម្លាំងប្រដាប់អាវុធ នៅយោធភូមិភាគទី៤ រាប់ពាន់នាក់ បានចេញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ខេត្ដសៀមរាប៖ កងកម្លាំងប្រដាប់អាវុធ ជាច្រើនពាន់នាក់នៅយោធភូមិភាគទី៤ បានទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីបង្ការនិងការពារខ្លួនក្នុងការឆ្លងជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំងនៅគោលដៅទី១នេះ ធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៤ ស្ថិតនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១នេះ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ មានប្រសាសន៍ថា អ្នកដែលទទួលបានវ៉ាក់សាំងការពារពីជំងឺកូវីដ-១៩នេះ រួមមានប៉ូលិស កងកម្លាំងយោធា និងកងកម្លាំងកងរាជអាវុធហត្ថ ព្រមទាំងក្រុមគ្រួសារកងទ័ព ដែលចំណុះអោយយោធភូមិភាគទី៤ ព្រមទាំងកងកម្លាំងតំបន់ប្រតិបត្ដិការសឹកទាំង៤ខេត្ដរួមមាន ខេត្តសៀមរាប ឧត្ដរមានជ័យ ព្រះវិហារ និងកំពង់ធំ ។

ឯកឧត្ដមបានបន្ដថា ក្រោយពីបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះរួចរាល់ ឯកឧត្ដមមានអារម្មណ៍ធម្មតា ពោលគ្មានប្រតិកម្មជាតិថ្នាំអ្វីនោះទេ ដែលផ្ទុយពីជនអគិមួយចំនួនដែលលើកឡើងកន្លងមកថា វ៉ាក់សាំងការពារកូវីដ-១៩ ដែលបានទទួលជំនួយពីចិននេះ មានភាពមិនប្រក្រតី ដែលមានគោលបំណបង្ខូចកិត្តិយសរាជរដ្ឋាភិបាល។ ឯកឧត្ដមបន្ដថា ការចាក់ថ្នាំការពារកូវីដ-១៩លើកទី១ នេះនិងបន្ដទៅគោលដៅផ្សេងៗទៀត ដែលស្ថិតនៅទិសជួរមុខដែលចំណុះឱ្យយោធភូមិភាគទី៤ទាំងអស់។

យោងតាមរបាយការណ៍របស់ពីបញ្ជាការយោធភូមិភាគទី៤ បានបង្ហាញថា ការចាក់វ៉ាក់សាំងដល់កងកងកម្លាំងប្រដាប់អាវុធ និងគ្រួសារកងទ័ព ក្នុងគោលដៅទី១ នៅយោធភូមិភាគទី៤ ដែលមានរយ:ពេល២ថ្ងៃ ចាប់ពីរសៀលថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភ:នេះ បានចំនួនជាង ២ ៤០០នាក់ ក្នុងចំណោមចំនួនសរុប ២៣ ៣៤៦នាក់ ដែលក្នុងនោះកងយោធពលខេមរភូមិន្ទចំនួន ២២ ០៩៩នាក់ គ្រួសារបញ្ជាការកងអង្គរក្ស ៨៩នាក់ នគរបាលព្រំដែន ១ ១៥៨នាក់៕ by AKP






