Detail Top Banner

មូលហេតុដែលបណ្តាលឲ្យមានមនុស្សស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ចឹងសោះ

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបំភ្លឺឆ្លើយតបជូនគណនីហ្វេសបុក ឈ្មោះ Sao Sophors ដែលបានផ្ញើសារក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ ខ្ញុំបាទនិងក្រុមគ្រួសារសពសូមគោរពឯកឧត្តមស្នងការខេត្តកណ្តាល មានទុក្ខជាទម្ងន់ដោយអ្នកម្តាយបានទទួលមរណៈភាពដោយសារគ្រោះចរាចរណ៍ការពីយប់ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៧និង០០នាទីយប់ ចំណុចក្នុងផ្ទះម្តុំរង្វង់មូលគល់ស្ពានព្រែកតាមាក់។
មូលហេតុៈ ការធ្វេសប្រហែសរបស់សមត្ថកិច្ចមូលដ្ឋានបានបញ្ជាឱ្យតៃកុងឡានបកថយក្រោយខុសបច្ចេកទេសបានកិនម្តាយយើងខ្ញុំស្លាប់យ៉ាងអាណោចអាធ័មបំផុត ដូច្នេះសូមឯកឧត្ដមស្នងការមេត្តារកយុត្តិធម៌ឱ្យគ្រួសារយើងខ្ញុំផង។
ក្រោយពីទទួលបានដំណឹងនេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋានគរបាលខេត្ត លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ រួចបានបំភ្លឺឱ្យដឹងថា៖
ជាករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តរអិលបុកចូលផ្ទះកិនមនុស្សស្លាប់ កើតហេតុថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៩និង៥០នាទីចំណុចគល់ស្ពានរង្វង់មូលព្រែកតាមាក់ផ្លូវជាតិលេខ៨ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ករណីនេះពិតជាធ្វើឱ្យជនរងគ្រោះស្លាប់ម្នាក់ពិតប្រាកដមែន។
សភាពនៃរឿងហេតុ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ធន់បែនធំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3894 បើកបរដោយឈ្មោះ ភ័ណ្ឌ ថាវ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអញ្ជែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ (ជាកម្មសិទ្ធរបស់ឈ្មោះ ទន់ សុភាវី) បានដឹកដីពេញបើកបរឡើងស្ពានព្រែកតាមាក់ក្នុងទិសដៅពីកើតទៅលិច ដល់ចង្កេះស្ពានរថយន្តខាងលើបានរលត់ខូចតាំងពីប្រហែលម៉ោង១៥និង៣០នាទីរសៀលពេលនោះនគរបាលចរាចរណ៍ស្រុកនិងនគរបាលប៉ុស្តិ៍ព្រែកតាមាក់ បានទៅជួយសម្រួលចរាចរណ៍នៅទីនោះហើយក៏បានប្រាប់អ្នកបើកបរឱ្យរកជាងមកធ្វើឡានដើម្បីបើកទៅមុខបន្តកុំឱ្យមានការកកស្ទះចរាចរណ៍ ហើយអ្នកបើកបរមិនបានរកជាងធ្វើរថយន្តនោះទេ សមត្ថកិច្ចក៏បានសុំលេខថៅកែរថយន្តពីអ្នកបើកបរដើម្បីទំនាក់ទំនងឱ្យរករថយន្តមកសន្តោងរថយន្តខូចនោះចេញ ព្រោះវាស្ទះចរាចរណ៍នៅលើស្ពាន។ លុះដល់ម៉ោងប្រហែល ១៩ជាង ទើបមានរថយន្តបែនមួយគ្រឿងមកជួយអូសរថយន្តខាងលើចេញ ហើយសមត្ថកិច្ចក៏បានរកខ្សែកាបឱ្យទុកអូសចេញប៉ុន្តែអ្នកបើកបរខាងលើមិនបានយកខ្សែកាបអូសពីមុខទេដោយអ្នកបើកបរទាំងពីរបានពិភាក្សាគ្នារកវិធីទល់គូទរថយន្តថយចុះមកក្រោមវិញហើយសមត្ថកិច្ចក៏បានជួយបិទផ្លូវទាំងលើទាំងក្រោមមិនឱ្យធ្វើចរាចរណ៍ទៅមក ទុកឱ្យរថយន្តទាំងពីររំកិលចុះលុះដល់ចុះមកបានបន្តិចរថយន្តដែលទល់​គូទខាងក្រោមបានរបូតចេញពីគ្នាធ្វើឱ្យរថយន្តដឹកដីខូចខាងលើបានរេចង្កូតមកបុកខឿនស្ពានខាងត្បូង ហើយបានរេចង្កូតមកជើងវិញ ក៏រអិលចូលផ្ទះលក់បាយឈ្មោះ ភត្តិ ដានី នៅក្បែរគល់ស្ពានខាងជើងបុក​រុញផ្ទះបុកបង្គោលភ្លើងទើបឈប់បណ្តាលឱ្យឈ្មោះ ម៉ាន់ សាវ៉ាង អាយុ៦៩ឆ្នាំ ត្រូវជាម្តាយរបស់ម្ចាស់ផ្ទះបុកគាបជាប់នៅពីក្រោមរថយន្តស្លាប់ និងខូចខាតសម្ភារៈមួយចំនួន។ បន្ទាប់មកសមត្ថកិច្ចក៏បាន​ហៅរថយន្តស្ទូចមកស្ទូចរថយន្តចេញពីជនរងគ្រោះដើម្បីយកសពចេញ។ ពេលនោះអ្នកបើកបរបានរត់គេចពីកន្លែងកើតហេតុតែត្រូវបានសមត្ថកិច្ចចាប់បាន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប។
អត្ថបទដែលជាប់ទាក់ទង