ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានបដិសេធនិងច្រានចោលចំពោះព័ត៌មានក្រុមឧក្រិដ្ឋជនជម្រិតទារប្រាក់ ថាជាមន្ត្រីនៅបញ្ជាការដ្ឋានអង្គរក្ស
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានបដិសេធនិងច្រានចោលចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកថា ជនល្មើសដែលកងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាញ់សម្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជម្រិតទារប្រាក់ ១លានដុល្លារ ពីជនរងគ្រោះនៅក្នុងភូមិគ្រឹះ ក្នុងបុរីអង្គរភ្នំពេញ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺជាមន្ត្រីនៅបញ្ជាការដ្ឋានអង្គរក្ស គឺមិនមែនជាការពិតនោះទេ និងមិនមានឈ្មោះនៅក្នុងបញ្ជីអង្គរក្សទេ។
ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះរូបភាពបុរសម្នាក់ស្លៀកឯកសណ្ឋានពាក់ប៉ារ៉ា និងកាតសម្គាល់ខ្លួន ដោយបានភ្ជាប់រូបភាពជនល្មើសម្នាក់ដែលកងរាជអាវុធហត្ថបាញ់សម្លាប់។ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានមានប្រសាសន៍ប្រាប់ថា “រូបភាពនេះ អត់មានឈ្មោះនៅក្នុងបញ្ជីអង្គរក្សទេ ភាគច្រើនប័ណ្ណពាក់កររបស់បញ្ជាការដ្ឋានអង្គរក្ស គឺមានលេខកូដត្រឹមត្រូវ មានបញ្ជីស្នាមត្រឹមត្រូវ ហើយការធ្វើកាតនេះ គឺក្លែងក្លាយ ពីព្រោះខាងខ្ញុំមានលក្ខណៈពិសេសសម្គាល់ខាងខ្ញុំ ហើយអត់មានពាក់ព័ន្ធជាមួយបញ្ជាការដ្ឋានអង្គរក្ស ហើយបើធ្វើចឹងមែនគេបាញ់ចោលល្អហើយ” ។ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជម្រិតទារប្រាក់ ១លានដុល្លារ ពីជនរងគ្រោះនៅក្នុងបុរីអង្គរភ្នំពេញ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១ព្រឹកមិញ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ។ នៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនបានបាញ់ប្រហារមកលើកម្លាំងអាវុធហត្ថ ដោយប្រើសិទ្ធិការពារខ្លួនកម្លាំងអាវុធហត្ថបានបាញ់តបតទៅលើក្រុមឧក្រិដ្ឋជនបណ្តាលឲ្យស្លាប់ចំនួន ៤នាក់ ជនរងគ្រោះនៅក្នុងផ្ទះវិឡាក្នុងបុរីអង្គរភ្នំពេញ ត្រូវបានរំដោះចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព។ ប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន គឺដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ តាមព័ត៌មានបឋម គឺក្រុមឧក្រិដ្ឋជនទាំង ៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដែលជាលក្ខណៈរៀបផែនការជម្រិតយកប្រាក់ ១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធ និងកូនឈ្នួល ២នាក់ ជាក្រោយ ប៉ុន្តែមិនបានសម្រេច។ ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង AK ១ដើម និងកាំភ្លើងខ្លី ២ដើម បានបើការបាញ់ប្រហារមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង ៤នាក់ ស្លាប់នៅនឹងកន្លែង។
ក្នុងចំណោមឧក្រិដ្ឋជនទាំង ៤នាក់ គឺមានម្នាក់ ជាអ្នកបើកបររថយន្តរបស់ម្ចាស់ផ្ទះផ្ទាល់ ជនរងគ្រោះឈ្មោះ ម៉ៅ ហួរ អាយុ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គីសនីខេត្តកំពង់ចាម ចំណែកកក្រុមឧក្រិដ្ឋជនដែលបាញ់សម្លាប់ មិនត្រូវបានបង្ហាញអត្តសញ្ញាណនៅឡើយទេ៕ by CEN