អគារពុទ្ធិកសិក្សា វត្តរាជបូណ៌ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ ដើម្បីបំពេញតម្រូវការដល់សាមណសិស្សដែលមកសិក្សា

ថ្ងៃចន្ទ០៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារពុទ្ធិកសិក្សា វត្តរាជបូណ៌ ដែលជាគំនិតផ្តួចផ្ដេីមដោយ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ នៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះគ្រូ ចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ក្រោមជំនួយឧបត្ថម្ភកសាងដោយ ឯកឧត្ដម ជា ចាន់តូ ទេសាភិបាល នៃធនាគារជាតិកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ព្រមទាំងមន្ត្រីធនាគារជាតិកម្ពុជា និងសប្បុរសជននានាដែលមកពីបណ្ដាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ការសាងសង់អគារពុទ្ធិកសិក្សាមួយខ្នងកម្ពស់ ៤ជាន់ថ្មីនេះបន្ថែមទៀត ក្រោមព្រះទ័យផ្តួចផ្តើមរបស់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណ:ថ្នាក់ទោ និងជាព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងថវិកាពីឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងលោកជំទាវ ព្រមទាំងសហការីធនាគារជាតិកម្ពុជា និងធនាគារមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា។
ការបរិច្ចាគថវិកា ក្នុងការសាងសង់នេះ បន្ទាប់ពីពិនិត្យឃើញថា នៅពុទ្ធិកសិក្សាវត្តរាជបូណ៌ ខេត្តសៀមរាប មានសាមណសិស្សមកសិក្សាមានការកើនឡើង ហើយខ្វះអគារសម្រាប់សិក្សា ទើបឯកឧត្តម និងលោកជំទាវ សម្រេចបរិច្ចាគទ្រព្យធមបំពេញកុសលឡើង ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យពុទ្ធចក្រ និងចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមជាតិ៕















