ក្រុមហ៊ុនឯកជនល្បីៗឈ្មោះនៅក្នុងស្រុក៣ បរិច្ចាគទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារ ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា នៅសាលារាជធានី

ភ្នំពេញ៖ ក្រុមហ៊ុនឯកជនល្បីៗឈ្មោះនៅក្នុងស្រុកចំនួន ៣បានបរិច្ចាគនូវទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារ ជូន​ដល់​មូល​និធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) ដើម្បីជួយសម្រួលជីវភាពអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ​​អាចទទួល​បាន​នូវការហូបចុក និងការរស់នៅសមរម្យ ខណៈដែលពួកគាត់ មានជីវភាពក្រីក្រនិងភាគច្រើន​ជាមនុស្សចាស់​ផង​​​នោះ។


ក្រុមហ៊ុនទាំងបីដែលបានមកសម្តែងការគួរសមនិងផ្តល់ថវិកាទាំងនេះជូនឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ។
ក្រុមហ៊ុនដែលបរិច្ចាគទឹកប្រាក់ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ)ខាងលើនេះរួមមាន៖ ទី១ លោក អ៊ឺង ស៊ីវម៉េង តំណាងលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជាប្រធានអគ្គនាយក នៃក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co., Ltd ) ផ្តល់ជូនថវិកាចំនួន ១០ម៉ឺនដុល្លារអាមរិក ទី២ ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភនូវទឹក​ប្រាក់​ចំនួន ១០ម៉ឺនដុល្លារអាមេរិក ទី៣ ក្រុមហ៊ុន ប៉េង ហួត ឧបត្ថម្ភនូវទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារដែរ ។ សរុបទាំងអស់ចំនួន ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយសម្រួលជីវភាពបងប្អូនអ្នកធាក់ស៊ីក្លូ ដែលពួក​គាត់​ភាគច្រើនជាមនុស្សចាស់ ដែលបាននិងកំពុងរកស៊ីធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ ។


ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​សប្បុរសជនទាំងបីក្រុមហ៊ុនដែលបានយកចិត្តទុកដាក់ឧបត្ថម្ភជាថិវការរបស់ខ្លួនដល់មូលនិធិត្រី​ចក្រ​យាន​កម្ពុជា ក្នុងចូលរួមចំណែកជួយសម្រួលដល់ជីវភាពបងប្អូនអ្នកធាក់ស៊ីក្លូនៅភ្នំពេញ ដើម្បីឲ្យពួកគាត់ដោះ​ស្រាយជីវភាព​បានមួយកម្រិតថែមទៀត។ ឯកឧត្តមបន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បាន​ធ្វើឱ្យរាជធានីភ្នំពេញ និយាយដោយឡែក មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ បង្ករលក្ខណៈងាយស្រួលដល់ ប្រជា​ពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខ ហើយក្រុមហ៊ុនឯកជនទាំងអស់ដែលកំពុងរកស៊ីនិង​វិនិយោគទុននៅ​រាជធានីភ្នំពេញ ក៏ស្រួលរកស៊ីផងដែរ។


គួរបញ្ជាក់ថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ មានរយៈពេលជាង ៣ឆ្នាំ​មកហើយ ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុនសែន សម្តេចតេជោ ជាប្រធានកិត្តិយស ហើយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សាមូលនិធិនេះ។
មូលនិធិត្រីចក្រយានកម្ពុជា តែងបានផ្តល់ជូនថវិកាទ្រទ្រង់ដល់អ្នកប្រកបរបរធាក់ស៊ីក្លូ ក្នុងម្នាក់ ៧ពាន់​រៀល ក្នុង១ថ្ងៃ ព្រមទាំងមានអំណោយពេលបុណ្យទានផ្សេងៗ រួមទាំងការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូនិងប័ណ្ណ​ប.ស.ស ដើម្បីឱ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ថែមទៀត។
មូលនិធិត្រីចក្រយាននេះ អាចនឹងត្រូវចំណាយក្នុងរង្វង់ពី២៤-៣០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយសម្តេច​តេជោ បានសម្រេចដាក់ថវិកាចូលមូលនិធិដំបូង ៥០០លានរៀល (ប្រមាណ១៤ម៉ឺនដុល្លារអាមេរិក) ហើយ​ឧបត្ថម្ភប្រចាំខែប្រមាណ ២ម៉ឺនដុល្លារថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង