ជប៉ុនផ្តល់ថវិកា ២,២៣៥,៣៦៤ ដុល្លារអាមេរិក សម្រាប់ការជម្រុញការអភិវឌ្ឍសហគមន៍តាមរយៈការបោសសម្អាតមីននិងគ្រាប់បែកចង្កោម និងសម្រាប់ការកសាងសមត្ថភាពយុវជន

កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១កន្លងមក រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ២,២៣៥,៣៦៤ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។
ក្នុងនោះ ថវិកា ១,៧៦៣,២៥១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្ត “គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី១)” និង “គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសំអាតគ្រាប់បែបចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី១)” ហើយ ថវិកា ៤៧២,១១៣ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅអង្គការកុមារឥតព្រំដែន (KnK) ដើម្បីអនុវត្តគម្រោង “ការកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (ឆ្នាំទី២)។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងនៃគម្រោងនីមួយៗ។
ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត១៩ ដែលហៅថា “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”៕ Embassy of Japan in Cambodia











