សិស្សានុសិស្ស នៃវិទ្យាល័យសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ចំនួនសរុប ៤៩នាក់ មានអាការៈ ដួលសន្លប់ ត្រូវបានក្រុមគ្រួពេទ្យជួយសង្គ្រោះភ្លាមៗ

ខេត្តសៀមរាប៖ ព័ត៌មានបឋម សេចក្ដីរាយការណ៍ របស់លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម ខេត្តសៀមរាប បញ្ជាក់ថា នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ សិស្សានុសិស្ស នៃវិទ្យាល័យសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ចំនួនសរុប ៤៩នាក់ មានអាការៈ ដួលសន្លប់ ត្រូវបានក្រុមគ្រួពេទ្យជួយសង្គ្រោះភ្លាមៗ ហើយពួកគេទាំងអស់នោះ បានត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពនៅព្រឹកថ្ងៃដដែល។
លោកអភិបាលស្រុកបានបញ្ជាក់ថា តាមរបាយកាណ៍របស់គ្រួពេទ្យ តាមរយៈការរាយការណ៍របស់លោកគ្រូនៅកន្លែងកើតហេតុថា ដំបូងឡើយមានក្មេងស្រីម្នាក់ មានការអការៈរវើរវាយ ស្រែកយំខ្លាំងៗ ប្រទាញដៃជើង ហើយមិត្តភក្តិគាត់បានមកឱប និងជួយគាត់ ព្រមទាំងមានភ័យខ្លាច ហើយបន្ទាប់មក មិត្តភក្តិខ្លះក៏យំ និងខ្លះទៀតក៏សន្លប់ផងដែរ។
ក្រោយការពិនិត្យសុខភាព និងសង្គ្រោះបឋមរួចមក បង្ហាញថា បរិមាណជាតិស្ករ សម្ពាធឈាម និងអុកស៊ីសែន គឺមិនមានបញ្ហានោះទេ។
ក្រុមគ្រូពេទ្យបានធ្វើការសន្និដ្ឋានបឋមថា ជាការភ័យតៗគ្នា តែចំពោះសិស្សម្នាក់ ដែលមានអការៈដំបូងគេ គឺគ្រូពេទ្យកំពុងសាកសួរក្រុមគ្រួសារអំពីសុខភាពគាត់នាពេលកន្លងមក និងត្រូវបន្តតាមដានបន្ថែមទៀត។
ដោយឡែក មាតាបិតាសិស្ស និងចាស់ព្រឹទ្ធាចារ្យនៅទីនោះ យល់ឃើញថា មកពីជំនឿអរូបិយ រហូតពួកគាត់បាននាំគ្នាសែនព្រេន ដោយហេតុថា ពួកគាត់បានលឺកូនសិស្សទាំងនោះថា បានឃើញរូបភាពចម្លែកៗ គួរឲ្យភ័យខ្លាច និងប្រឡាក់ឈាម បានបង្ករឲ្យមានការភ័យស្លន់ស្លោ រវើរវាយ និងដួលសន្លប់ជាបន្តបន្ទាប់។
ទោះបីជាយ៉ាងនេះក្តី លោកអភិបាលស្រុក បានណែនាំដល់មន្ត្រីសុខាភិបាល ត្រូវបន្តស្រាវជ្រាវ រកមូលហេតុពិតប្រាកដ ដែលនាំឲ្យកើតមានបញ្ហានេះកើតឡើង៕ ប្រភព មន្ទីរព័ត៌មានខេត្ត




