ឯកឧត្តម ហ៊ុន ម៉ាណែត ៖ រួមគ្នា យើងអាចធ្វើបាន Together We Can Do It

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានសរសេរតាមបណ្តាញសង្គមថា “រួមគ្នា យើងអាចធ្វើបាន Together We Can Do It ក្នុងរយៈពេលតែ ៣៣ ម៉ោងប៉ុណ្ណោះយើងបានរួមគ្នាសម្រេចនូវបេសកកម្មដ៏ធំមួយ គឺការកែប្រែសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់) ដែលជាសណ្ឋាគារដ៏ធំមួយនៅភ្នំពេញ ហើយដែលបានបិទទ្វារមិនដំណើរការអាជីវកម្មអស់រយៈពេលប្រមាណ ២ឆ្នាំមកហើយ ឲ្យក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល ដែលអាចព្យាបាលអ្នកជម្ងឺប្រមាណ ៥០០នាក់។”

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បាន”ថ្លែងអំណរគុណដល់បងប្អូនក្រុមការងារទាំងអស់ពីអង្គភាពកងទ័ព កងរាជអាវុធហត្ថ នគរបាលជាតិ ក្រសួងសុខាភិបាល ក្រសួងការងារ សាលារាជធានីភ្នំពេញ អគ្គិសនីយកម្ពុជា(EDC) ក្រុមហ៊ុនឯកជន និងមិត្តភ័ក្ត្រទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។”

“ខ្ញុំសូមឆ្លៀតឱកាសនេះ ធ្វើការថ្លែងអរគុណដោយស្មោះចំពោះម្ចាស់សណ្ឋាគារ The Great Duke ដែលបានអនុញ្ញាតិអោយរាជរដ្ឋាភិបាលខ្ចីសណ្ឋាគារដ៏ធំមួយនេះដោយឥតគិតថ្លៃសម្រាប់ប្រើប្រាស់ជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩។
ការដាក់ឱ្យដំណើរការទីតាំងសណ្ឋាគារនេះជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គឺដើម្បីផ្តល់លទ្ធភាពដល់ក្រសួងសុខាភិបាលក្នុងការប្រមូលផ្តុំធនធានមនុស្ស, សម្ភារ, បរិក្ខារ និងបច្ចេកទេសចាំបាច់មួយចំនួន បម្រើដល់ការជួយសង្គ្រោះដល់អាយុជីវិតមនុស្សឱ្យបានទាន់ពេលវេលា និងធានាទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺនេះនៅក្នុងសហគមន៍។” អរគុណសន្តិភាព


















