សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថា ប្រតិបត្តិការស្វែងរក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ មិនអាចធ្វើដោយប្រញាប់ប្រញាល់ពេកនោះឡើយ គឺត្រូវគិតលើសុវត្ថិភាពក្រុមការងារជាអាទិភាពបំផុត

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំនិងតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រតិបត្តិការរបស់ក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ចាប់តាំងពីខែតុលា ឆ្នាំ២០២០ រហូតមកដល់ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារបានបើកប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាចម្បាំងលិចក្នុងទន្លេមេគង្គ ស្ថិតក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចំនួន ១៥ ២៨២គីឡូក្រាម រួមទាំងឆ្អឹងសពមនុស្ស និងសម្ភារៈសឹកមួយចំនួនទៀត។

ដោយឡែកនៅក្នុងសប្ដាហ៍ទី១ នៃខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារប្រតិបត្តិការ បានបន្តបេសកកម្មមុជទឹកចុះស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានជាបន្តបន្ទាប់ទៀត ក្នុងនោះរួមមាន គ្រាប់ប្រភេទ ១២.៧ម.ម ចំនួន ១៩ ០៨៧គ្រាប់ គ្រាប់ ៦០ម.ម ៨៧គ្រាប់ គ្រាប់ ៨១ម.ម ៦១គ្រាប់ ឆ្អឹងសពមនុស្ស ១៦បំណែក អាវុធ AK៤៧៨ដើម ។

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ កន្លងទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមាននាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិជាប្រធាន អមដោយអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះជាអនុប្រធាន។

ក្នុងកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងលិចនោះ រាជរដ្ឋាភិបាលបានកំណត់ឱ្យក្រុមការងារអន្តរក្រសួង ធ្វើសេចក្តីរាយការណ៍ និងស្នើសុំយោបល់ដឹកនាំជាប្រចាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម បានដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់ និងអញ្ជើញទៅពិនិត្យទីតាំងប្រតិបត្តិការ និងជួបសំណេះសំណាលដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងក្រុមការងារប្រតិបត្តិការកាលពីថ្ងៃទី១២ ខែកម្ភៈ កន្លងទៅ។

ប្រតិបត្តិការស្វែងរក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចាប់ផ្ដើមពីខែតុលា ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់នៅខែឧសភា ពោលគឺមុនការមកដល់នូវរដូវវស្សា។ យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថា ប្រតិបត្តិការនេះ មិនអាចធ្វើដោយប្រញាប់ប្រញាល់ពេកនោះឡើយ ពោលគឺត្រូវគិតលើសុវត្ថិភាពក្រុមការងារជាអាទិភាពបំផុត។

ជាការកត់សម្គាល់ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានសម្រេចបន្ថែមសមាសភាពសមាជិកក្រុមការងារមួយចំនួនទៀត។ តាមរយៈសេចក្ដីសម្រេចចុងក្រោយនេះ កិច្ចប្រតិបត្តិការក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ នឹងត្រូវបន្តអនុវត្តនៅភូមិសាស្រ្តមួយចំនួនទៀត រួមមានស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងស្រុកពាមជរ ស្រុកពាមរក៍ ខេត្តព្រៃវែង ៕










