ឃាត់ខ្លួនជនសង្ស័យពីរនាក់ដោយពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តកណ្ដាល៖ កម្លាំងសមត្ថកិច្ចកិច្ចផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលគគីរបានក្របួចជនសង្ស័យពីរនាក់អ្នកពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ ព្រហស្បតិ៍ ១៣រោចខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង ១២និង ៣០នាទីដែលស្ថិតនៅចំណុច ផ្ទះសំណាក់ស្នាមញញឹមថ្មី ក្នុងភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យចំនួន ២នាក់ប្រុស(ឃាត់ខ្លួន) ដែលទី១. ឈ្មោះ យ៉ែម រតនៈ ភេទប្រុស អាយុ១៩ឆ្នាំ (ខ្មែរ) មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ទី២. ឈ្មោះ ពៅ កក្កដា (ហៅកយ) ភេទប្រុស អាយុ២៤ឆ្នាំ (ខ្មែរ) មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។ វត្ថុតាងចាប់យករួមមាន ១. ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ៣កញ្ចប់ ធំ ២កញ្ចប់ តូច ១កញ្ចប់ ទូរសព្ទ័ដៃ ១គ្រឿង ម៉ាក Samsung ពណ៌ស(លេខ០៧០៧៥១៦៤៣) សម្ភារៈវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើថា ដោយទទួលបានព័ត៌មានតាមរយៈទូរស័ព្ទពីម្ចាស់ផ្ទះសំណាក់ស្នាមញញឹមថ្មី បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានមុខសញ្ញាចំនួន ២នាក់ ភេទប្រុស គួរឲ្យសង្ស័យ(ប្រើប្រាស់គ្រឿងញៀន) បានមកជួលបន្ទប់លេខ ១០ សម្រាប់ដេក ក្រោយពីទទួលបានព័ត៌មានភ្លាម កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការណ៍ជាមួយកំលាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានចុះទៅដល់ចំនុចផ្ទះសំណាក់ខាងលើ បន្ទប់លេខ១០ ក៍បានឃាត់ខ្លួនជនសង្ស័យ ២នាក់ខាងលើ និងដកហូតវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក)ចំនួន ៣កញ្ចប់ (ធំ ២កញ្ចប់ តូច ១កញ្ចប់) និងសម្ភារៈវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត រួចកម្លាំងសមត្តកិច្ចក៍បាននាំខ្លួនជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរដើម្បីសួរនាំ ។
នៅចំពោះមុខសត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សស្រីម្នាក់ (មិនស្គាល់អត្តសញ្ញាណ) នៅម្តុំក្តាន់ពីរ ក្រុងភ្នំពេញ ដើម្បីយកមកវេចខ្ចប់ ជាកញ្ចប់តូចៗ ចែកចាយបន្ត ។
ក្រោយពីសួរនាំរួច កម្លាំងសមត្តកិច្ចបានបញ្ជូនជនសង្ស័យទាំង ២នាក់ រួមនឹងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី៕ ដោយP១៩