អភិបាលខេត្តកណ្ដាល ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់អាជ្ញាធរស្រុកកោះធំ ពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ និងបន្តជួបសំណេះសំណាលជាមួយអ្នកកំពុងធ្វើចត្តាឡីស័ក ក្នុងកាស៊ីណូមួយ

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់អាជ្ញាធរស្រុកកោះធំ ពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានតម្រូវឱ្យអាជ្ញាធរស្រុកកោះធំ ត្រូវបន្តខិតខំត្រួតពិនិត្យ ការអនុវត្តការងារ សំដៅដាក់ចេញនូវផែនការសកម្មភាពបន្តទៀត ត្រូវរឹតបន្តឹងការគ្រប់គ្រង សភាពការណ៍ និងកំណត់មុខសញ្ញាតាមដាន ស្វែងរកស្រាវជ្រាវ រកឱ្យឃើញជនសង្ស័យ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដើម្បីយកពួកគាត់ទាំងអស់នោះ មកដាក់ឱ្យធ្វើចត្តាឡីស័ក ជៀសវាងកុំឱ្យអ្នកទាំងនោះ គេចវេស មិនអនុវត្តតាមគោលការណ៍កំណត់ របស់ក្រសួងសុខាភិបាល ។

ឯកឧត្តមបន្ថែមថា អាជ្ញាធរស្រុកកោះធំ ត្រូវត្រៀមរៀបចំមណ្ឌលធ្វើចត្តាស័ក ឱ្យលឿន និងសមរម្យ ជាពិសេសមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ក៏ត្រូវតែបញ្ជូនគ្រូពេទ្យជំនាញ ព្រមទាំងឧបករណ៍សម្ភារៈវេជ្ជសាស្ត្រ និងថ្មាំពេទ្យជាដើម ឱ្យបានគ្រប់គ្រាន់តាមតម្រូវការជាក់ស្ដែងរបស់ស្រុក ដើម្បីត្រៀមព្យាបាល និងសង្គ្រោះបន្ទាន់ដល់អ្នកវិជ្ជមានកូវីដ-១៩ និងអ្នកដែលកំពុងធ្វើចត្តឡីស័ក អាជ្ញាធរស្រុក និងកងកម្លាំងមានសមត្ថកិច្ចត្រូវគ្រប់គ្រងឱ្យបាន ការចេញចូលរបស់អ្នកជំងឺ និងមិនត្រូវឱ្យមានអ្នករត់គេចវេសពីការធ្វើចត្តាឡីស័កបានជាដាច់ខាត។

បន្ទាប់ពីកិច្ចប្រជុំនេះបានបញ្ចប់ ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធបានបន្តជួបសំណេះសំណាលជាមួយអ្នកកំពង់ធ្វើចត្តាឡីស័ក ក្នុងកាស៊ីណូយ៉ុងយ័ន នាឱកាសនោះ ឯកឧត្ដមបានលើកទឹកចិត្តដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវអនុវត្តធ្វើចត្តាឡីស័កឱ្យបានគ្រប់ ១៤ថ្ងៃ ត្រូវខិតខំថែរក្សាសុខភាព សម្រាកឱ្យបានគ្រប់គ្រាន់ រស់នៅប្រកបដោយអនាម័យ ។

ឯកឧត្តម បានស្នើសុំម្ចាស់សណ្ឋាកាស៊ីណូយ៉ុងយ័ន ផ្តល់អគារសម្រាប់ជាកន្លែងធ្វើចត្តាឡីស័ក និងបានធ្វើការអំពាវនាវបងប្អូនដែលធ្វើចត្តាឡីស័កទាំងអស់ នៅពេលបញ្ចប់ការធ្វើចត្តាឡីស័កត្រឡប់ទៅផ្ទះវិញ សូមជួយផ្សព្វផ្សាយ និងគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសប្រកាន់ខ្ជាប់នូវអភិក្រម “៣កុំ ៣ការពារ” រួមមាន ៖

៣ការពារ ១-ពាក់ម៉ាស ២លាងដៃ ៣-រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១ម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។
៣កុំ ១-កុំចូលទៅ កន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្សល់ចេញ-ចូល ២-កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។
សូមជម្រាបថា ស្រុកកោះធំមានមណ្ឌលចត្តាឡីស័ក ១.សណ្ឋាគារលឹមផា ២.ផ្ទះល្វែងមួយកន្លែង ព្រមទាំងសណ្ឋាគារ និងកាស៊ីណូយ៉ុងយ័ន ធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កផងដែរ ។
គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរស្រុកកោះធំបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ សរុបចំនួន ៥១០៦នាក់ យកសំណាកបាន ៣៨០៦នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៧២៥នាក់ នៅផ្ទះចំនួន ៤៣៨១នាក់ មានករណីវិជ្ជមានចំនួន ៤៥នាក់ ៕ ប្រភព រដ្ឋបាលខេត្ត





