ចៅក្រមខេត្តកំពតសម្រេចឃុំខ្លួនឧកញ៉ាម្នាក់ឈ្មោះ ធី ហួត និងជាប្រធានក្រុមហ៊ុន (រៀលអេស្ទេត) ប្រេីល្បិចជួលក្រុមរថយន្តធំ ១០គ្រឿង យកទៅលក់ និងបញ្ចាំទាំងអស់
ខេត្តកំពត៖ ឧកញ៉ាវ័យក្មេងម្នាក់ ជាប្រធានក្រុមហ៊ុនរៀលអេស្ទេត បានជួលរថយន្តធុនធំអ្នកដទៃជាង ១០គ្រឿង យកទៅប្រើការ បែរជាបញ្ចាំ និងលក់គ្មានសល់ ជាមួយទង្វើនេះ ត្រូវចៅក្រមសាលាដំបូងខេត្តកំពតបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ពីបទរំលោភលើទំនុកចិត្ត។
លោក លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថាកាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត បានសម្រេចឃុំខ្លួនឈ្មោះ ធី ហួត ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ពីបទរំលោភលើទំនុកចិត្ត។ នាយការិយាល័យបានរៀបរាប់អំពីដំណើររឿងថាកាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ ក្នុងនាមជាប្រធានក្រុមហ៊ុនហ្គោលរៀលអ៊ីស្ទេតលោកឧកញ៉ា ធី ហួត បានជួលរយន្តធុនធំជាង១០គ្រឿង ពីប្រជាពលរដ្ឋនៅខេត្តកំពតខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ព្រោះតែជួបវិបត្តិហិរញ្ញវត្ថុ លោក ធី ហួត បានយករថយន្តទាំងនោះទៅលក់និងបញ្ចាំដាច់ទាំងអស់។
ជាមួយហេតុការណ៍ទាំងនេះម្ចាស់រថយន្តនៅខេត្តកំពតបានដាក់ពាក្យបណ្តឹងរហូតសាលាដំបូងតម្រូវឱ្យចូលខ្លួនតែជនសង្ស័យបានព្យាយាមគេចវេះ។
លោក លក ញ៉ាវ បានបន្តថាជាមួយដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងខេត្តលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានដាក់បទបញ្ជាដល់កម្លាំងក្រោមឱវាទឱ្យអនុវត្តដោយយកចិត្តទុកដាក់បំផុត។
លុះដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ពេលកំពុងល្បាតតាមដងផ្លូវជាតិលេខ៣សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យធ្វើដំណើរលើផ្លូវជាតិលេខ៣ក៏នាំគ្នាដេញតាមទាន់និងឃាត់ខ្លួនបានពេលឆ្លងចូលដល់ឃុំអូរសារាយស្រុកត្រាំកក់ខេត្តតាកែវនាំមកអនិវត្តតាមនីតិវិធីតែម្តង ៕