បង្ក្រាបមេខ្យល់នាំជនជាតិវៀតណាមឆ្លងដែនចូលកម្ពុជា ឃាត់ខ្លួន២នាក់ ខណៈជនជាតិវៀតណាម៤នាក់ ត្រូវបានបណ្តេញចេញ

ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានថ្លែងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនមេខ្យល់ និងបក្ខពួកនាំមនុស្សឆ្លងដែនខុសច្បាប់ចូលកម្ពុជា ចំនួន ២នាក់។
លោកបន្តថា មេខ្យល់ម្នាក់ ត្រូវបាននាំយកពីសមត្ថកិច្ចខេត្តតាកែវ ជាមួយជនជាតិវៀតណាមចំនួន ៤នាក់ ចំណែកឯកអ្នកជាប់ពាក់ព័ន្ធមេខ្យល់ម្នាក់ទៀត ត្រូវបានឃាត់ខ្លួន នៅស្រុកកំពង់ត្រាច។
លោកឧត្តមសេនីយ៍បន្តថា មេខ្យល់នាំមនុស្សឆ្លងដែនពីវៀតណាមចូលកម្ពុជានេះ ឈ្មោះ ជា សុវណ្ណារី ភេទប្រុស អាយុ៣០ឆ្នាំ ហៅចិន ជនជាតិខ្មែរ មុខរបររត់ឡានតាក់ស៊ី ដឹកភ្ញៀវទៅកាស៊ីណូព្រែកចាក មានទីលំនៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត និងឈ្មោះ នាង ខេង ភេទស្រី អាយុ៥៨ឆ្នាំ ហៅ បីហ៊ាន់ មុខរបរដឹកបារីហេរ៉ូទៅលក់ប្រទេសវៀតណាម មានទីលំនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។
លោកបន្តថា ចំពោះជនជាតិវៀតណាមចំនួន ៤នាក់ បានប្រគល់ឲ្យទៅភាគីវៀតណាមវិញ៕ by fn








