Detail Top Banner

តារាចម្រៀងជើងចាស់ ហួរ ឡាវី ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាកធ្វើតេស្ត ដល់ផ្ទះ ក្រោយភរិយា និងកូនស្រីមានកូវីដ-១៩

ភ្នំពេញ៖ តារាចម្រៀងជើងចាស់ លោកគ្រូ ហួរ ឡាវី ត្រូវបានក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល ចុះយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ-១៩ បន្ទាប់ពីលោកស្រី នួន សុផាន្នី ដែលជាភរិយារបស់លោក និងតារាចម្រៀង វី ឌីណែត ដែលជាកូនស្រី មានជំងឺកូវីដ-១៩។
ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល បានចុះយកសំណាកតារាចម្រៀង ជើងចាស់ ហួរ ឡាវី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅគេហដ្ឋានរបស់លោក ស្ថិតនៅបុរី KP ភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល រាជធានី​ភ្នំពេញ ខណៈបច្ចុប្បន្នកំពុងរង់ចាំលទ្ធផលធ្វើតេស្ត និងធ្វើចត្តាឡីស័ក។
ក្នុងហ្វេសប៊ុកផ្លូវការរបស់លោកគ្រូ ហួរ ឡាវី បានបង្ហាញសារថា «ថ្ងៃនេះខ្ញុំបាទ ហួរឡាវី និងចៅប្រុស បានពិនិត្យសំណាករកមេរោគ covid-19 រួចរាល់ហើយខ្ញុំកំពុងរង់ចាំលទ្ធផលពិនិត្យពីក្រុមគ្រូពេទ្យ។ បច្ចុប្បន្នសុខភាពខ្ញុំមានអាការៈ​ធម្មតា​ទេ។ អរគុណសម្រាប់ការសួរសុខទុក្ខ និងក្តីបារម្ភពីបងប្អូនញាតិមិត្តក្នុងនិងក្រៅប្រទេស។ សូមសំណូមពរដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងខ្ញុំ និងសមាជិក​គ្រួសារខ្ញុំក្នុងរយៈពេលមួយរយៈនេះពិនិត្យសំណាកនឹងរួមគ្នាធ្វើ​ចត្តឡី​ស័ក​ទាំងអស់គ្នា ដើម្បីរួមគ្នាទប់ស្កាត់ជំងឺដ៏កាចសាហាវ​មួយនេះទាំងអស់គ្នា»។
គួរជម្រាបថា នៅក្នុងមជ្ឈដ្ឋានសិល្បៈ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជន​បានកត់សម្គាល់ឃើញថា អ្នកសិល្បៈល្បីៗមួយចំនួនបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ក្នុងនោះបន្ទាប់ពីពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត, តារាចម្រៀង អ្នកនាង សុគន្ធ នីសា និងលោក Eco Vak Song ដែលជាផលិតករ និងជាអ្នកដឹកនាំម្នាក់ របស់ហង្សមាសជាដើម។ តែយ៉ាងណា បណ្តាអ្នកគាំទ្របានជូនពរជាបន្តបន្ទាប់ឲ្យតារាខាងលើឆាប់ជាសះស្បើយឡើងវិញ និងសូមឲ្យសិល្បករផ្សេងទៀត ជៀសផុតពីជំងឺកូវីដ​-១៩ ផងដែរ៕ by fn
អត្ថបទដែលជាប់ទាក់ទង