ក្រសួងចំនួន២ ផ្សព្វផ្សាយច្បាប់ ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្សព្វផ្សាយច្បាប់ស្តីពី«វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» តាមរយៈការធ្វើសន្និសីទសារព័ត៌មានរួមគ្នា ដើម្បីបំភ្លឺឱ្យសារធារណៈជនបានយល់ដឹងពីច្បាប់នេះ ឱ្យបានទូលំទូលាយរួមគ្នាទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះឱ្យមានប្រសិទ្ធភាព។
ថ្លែងក្នុងសន្និសីទបំភ្លឺរឿងបង្កើតច្បាប់” ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ” នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នាទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានមានប្រសាសន៍ថា សន្និសីទសារព័ត៌មាននាពេលនេះដើម្បី ផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹង របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងការចូលរួមអនុវត្តវិធានការសុខាភិបាលចាំបាច់នានា សំដៅការពារអាយុជីវិត សុខភាពសាធារណៈ សណ្តាប់ធ្នាប់សង្គម ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ។
«ការរៀបចំឱ្យមានច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត គឺជាការចាំបាច់បង្កើតឱ្យមានមូលដ្ឋានគតិយុត្តមួយរឹងមាំនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀតដើម្បីបម្រើដល់ការប្រយុទ្ធ ទប់ស្កាត់និងការបង្ការការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយច្បាប់នេះក៏បង្កើតបានជាមូលដ្ឋានដ៏សំខាន់ ដើម្បីបង្កើនភាពម្ចាស់ការ ត្រៀមលក្ខណៈទុកជាមុនក្នុងការបង្ការទប់ស្កាត់ ឱ្យកាន់មានប្រសិទ្ធភាពថែមទៀត ធានាបាន នូវការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្សេងៗទៀត ដែលមានកម្រិតនៃការឆ្លងរាលដាលកាចសាហាចឆាប់រហ័ស និងមាន កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ ដែលអាចកើតមានជាយថាហេតុ នាពេលអនាគត » ។