អធិការនគរបាលស្រុកកៀនស្វាយ បានឃាត់អប់រំ និងណែនាំ ឲ្យធ្វើកិច្ចសន្យាចំពោះអ្នកបើកបររថយន្តដែលប្រើប្រាស់ស៊ីផ្លេខ្យល់លាន់ឮកងរំពងរំខានដល់សាលារៀន មន្ទីរពេទ្យ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ

ខេត្តកណ្តាល៖ ឆ្លើយតបទៅនឹងបងប្អូនប្រជាពលរដ្ឋ ទាន់ហេតុការណ៍ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបចំពោះគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានខ្លឹមសារថា «សូមគោរពបងប្រុសស្នងនគរបាលខេត្តកណ្តាល ខ្ញុំបាទមានសំណូមពរពីរ សូមបងប្រុសស្នងការជួយមានដំណោះស្រាយ៖
១- បញ្ហារឿងបងប្អូនមានឡានដឹកដី ដឹកខ្សាច់ គឺពេលដែលគាត់បើកបរជួបគ្នា គាត់បានចុចស៊ីផ្លេជាប់គ្នាទាំង២ ទាំង ៣តែម្តង ហើយស៊ីផ្លេប្រើសុទ្ធតែស៊ីផ្លេខ្យល់ដែលបង្កជារំខាន និងប៉ះពាល់ដល់អ្នកធ្វើដំណើរលើដងផ្លូវជាយថាហេតុផងដែរ។
២- ការបើកបរមានល្បឿនលឿន ដែលអាចបង្កគ្រោះបានគ្រប់ពេលវេលា។
សូមបងប្រុសស្នងការមេត្តាមានវិធានការ និងអប់រំពួកគាត់ផង ផ្លូវ21B ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល សូមអរគុណ»។
ក្រោយពីទទួលបានព៌ត៍មាននេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ចាឱ្យលោកអធិការនគរបាលស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវចំពោះករណីខាងលើ។
ជាលទ្ធផល៖
នៅថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី លោកអធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាឱ្យកម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល សរុបចំនួន ៩នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស ផាណារ៉ា អធិការរងទទួលផែនសណ្តាប់ធ្នាប់ ចុះស្រាវជ្រាវដល់ចំណុចផ្លូវលេខ១១០ ភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃាត់អប់រំ ណែនាំ និងឲ្យធ្វើកិច្ចសន្យាចំពោះអ្នកបើកបររថយន្តដែលប្រើប្រាស់ស៊ីផ្លេខ្យល់លាន់ឮកងរំពងរំខានដល់សាលារៀន មន្ទីរពេទ្យ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវបានចំនួន ១០គ្រឿង។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប៕






